នៅថ្ងៃចន្ទ (ទី៦ ខែមេសា ឆ្នាំ២០២៦) នេះ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា ការសោកស្តាយដែលទីក្រុងសេអ៊ូលបានបង្ហាញ ចំពោះការលុកលុយរបស់យានដ្រូន កាលពីខែមករា ចូលទៅទឹកដីកូរ៉េខាងជើង គឺជា «ឥរិយាបថដ៏ឈ្លាសវៃ»។
នៅព្រឹកថ្ងៃនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានសម្តែងការសោកស្តាយ ចំពោះទីក្រុងព្យុងយ៉ាង ពាក់ព័ន្ធនឹងយានដ្រូនត្រូវបានបញ្ជូនចូលទៅក្នុងដែនដីរបស់កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ កាលពីដើមឆ្នាំនេះ ជាសកម្មភាពដែលលោកចាត់ទុកថា «គ្មានការទទួលខុសត្រូវ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការមជ្ឈិមកូរ៉េ ដោយប្រើឈ្មោះផ្លូវការរបស់កូរ៉េខាងត្បូង លោកស្រី Kim Yo Jong បានលើកឡើងថា៖ «ប្រធានាធិបតីកូរ៉េខាងត្បូងផ្ទាល់ បានសម្តែងការសោកស្តាយ និងបានពិភាក្សាអំពីវិធានការ ដើម្បីការពារកុំឲ្យហេតុការណ៍នេះកើតឡើងម្ដងទៀត។ រដ្ឋាភិបាលរបស់យើងពេញចិត្ត ដោយចាត់ទុកថា វាជាឥរិយាបថដ៏មានភ័ព្វល្អ និងឈ្លាសវៃ សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន»។
ដំបូងឡើយ ទីក្រុងសេអ៊ូលបានបដិសេធមិនមានការជាប់ពាក់ព័ន្ធផ្លូវការណាមួយ នៅក្នុងការលុកលុយដោយយានដ្រូនកាលពីខែមករា ដោយអាជ្ញាធរបានបង្ហាញថា វាគឺជាការងាររបស់ជនស៊ីវិល ប៉ុន្តែលោក Lee បាននិយាយថា ការស៊ើបអង្កេតមួយបានបង្ហាញថា មន្ត្រីរដ្ឋាភិបាលបានជាប់ពាក់ព័ន្ធ។ កូរ៉េខាងជើងបានព្រមានកាលពីខែកុម្ភៈ អំពី «ការឆ្លើយតបដ៏គួរឲ្យភ័យខ្លាច» ប្រសិនបើខ្លួនរកឃើញយានដ្រូនជាច្រើនទៀតឆ្លងកាត់ព្រំដែនពីកូរ៉េខាងត្បូង ដែលជំរុញឲ្យទីក្រុងសេអ៊ូលស៊ើបអង្កេតការអះអាងទាំងនោះ៕