ភ្នំពេញ៖ ដោយមានការឯកភាពពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារលើការផ្តល់សេវាសុខាភិបាល និងបញ្ហាប្រឈមរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ។

គណៈប្រតិភូទទួលស្វាគមន៍ដោយឯកឧត្តមវេជ្ជបណ្ឌិត សុខ ស្រ៊ុន ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត Denis Lauren អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា លោកសាស្ត្រាចារ្យ គីង សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា។

លោកសាស្ត្រាចារ្យ គីង សង់ទី បានជម្រាបជូនគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផា បានបង្កើតឡើងតាំងពីឆ្នាំ២៩៩២ ក្នុងនោះ មន្ទីរពេទ្យគន្ធបុប្ផាទី១ បានបង្កើតឡើងនៅឆ្នាំ១៩៩២, មន្ទីរពេទ្យគន្ធបុប្ផាទី២ បង្កើតឡើងនៅឆ្នាំ១៩៩៦, មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) បង្កើតឡើងនៅ ឆ្នាំ១៩៩៩, មន្ទីរពេទ្យគន្ធបុប្ផាទី៤ បង្កើតឡើងនៅឆ្នាំ២០០៥ និងមន្ទីរពេទ្យគន្ធបុប្ផាទី៥ បង្កើតឡើងនៅឆ្នាំ២០០៧។ បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាប ជាមន្ទីរពេទ្យថ្នាក់ជាតិ ដែលកំពុងបំពេញបេសកម្មសង្រ្គោះជីវិត ទារក កុមារ និងស្ត្រីមានផ្ទៃពោះ នៅកម្ពុជាដោយឥតគិតថ្លៃប្រកបដោយគុណភាព ប្រសិទ្ធភាព ដោយពុំមានការរើសអើង ដើម្បីចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារ ដែលជាអាទិភាពចម្បងមួយក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។

លោកសាស្ត្រាចារ្យ គីង សង់ទី បានជម្រាបជូនបន្តថា ចំពោះបេសកកម្មនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ មានបេសកកម្មវេជ្ជសាស្ត្រ ឯកទេសព្យាបាលរោគកុមារទូទៅ សង្គ្រោះបន្ទាន់ជំងឺកុមារនិងទារក និងទារកវិទ្យា ផ្នែកសម្ភព ឯកទេសជំងឺទឹកនោមផ្អែមកុមារ ឯកទេសផ្នែកជំងឺបំពង់រំលាយអាហារកុមារ ឯកទេសព្យាបាលជំងឺមហារីក និងមហារីកឈាមស សល្យសាស្ត្រកុមារទូទៅ និងសល្យសាស្ត្រប្រព័ន្ធប្រសាទ សល្យសាស្ត្របេះដូងកុមារ ផ្នែកព្យាបាលអន្តរាគមន៍តាមសរសៃឈាម ឯកទេសព្យាបាលជំងឺ Epilepsie ផ្នែកអប់រំសុខភាព និងចាក់ថ្នាំបង្ការ។ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ័្មនទី៧ ជាមន្ទីរពេទ្យថ្នាក់សកលវិទ្យាល័យ។ ជារៀងរាល់ថ្ងៃ មានអ្នកជំងឺ មកពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ មានចំនួន ៣០០០-៣៥០០នាក់ ករណីក្នុង ១ថ្ងៃ និងមានអ្នកជំងឺដាក់អោយសម្រាកពេទ្យចំនួន ៥០០នាក់ ក្នុង១ថ្ងៃ ក្នុងនោះអត្រាប្រើប្រាស់គ្រែជាមធ្យម ១២៦% អត្រាប្រើប្រាស់គ្រែនៅផ្នែកសង្រ្គោះបន្ទាន់ ១៦៥% ។

ទន្ទឹមនឹងវឌ្ឍនភាពការងារខាងលើ មន្ទីរពេទ្យក៏ជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរ ក្នុងនោះចំនួនទារកក្នុងផ្នែកសង្រ្គោះបន្ទាន់មានចំនួនហួសកំរិតគ្រែសម្រាក ជារៀងរាល់ថ្ងៃ ជំងឺទារកកើតមិនគ្រប់ខែ-ទារកកើតបញ្ហាប្រឈមកង្វះអុកស៊ីសែន និងមិនប្រក្រតីពីកំណើតមកដល់មន្ទីរពេទ្យយឺតពេល ឬជំងឺធ្ងន់ធ្ងរពេក និងអត្រាមរណភាពទារកទើបកើត នៅមានកម្រឹតខ្ពស់(ពិសេសនៅគន្ធបុប្ផាភ្នំពេញ)។ ក្រៅពីនេះ បុគ្គលិកសុខាភិបាលដែលមានបទពិសោធន៍លាឈប់ពីការងារមានចំនួនប្រមាណ ៤% ព្រមទាំង វេជ្ជបណ្ឌិតជំនាញឯកទេសមួយចំនួន តម្រូវឱ្យមានការបណ្តុះបណ្តាលបន្ថែម។

ក្រោយពីបានស្តាប់របាយការណ៍របស់លោកប្រធានមន្ទីរពេទ្យរួចមក លោកជំទាវ ឡោក ខេង ប្រធានគណ:ប្រតិភូ បានធ្វើការកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចដោយបេះដូងក្នុងការព្យាបាល និងជួយសង្គ្រោះអាយុជីវិតដល់ទារក និងកុមារតូចៗ ជាពិសេសគឺជំងឺបេះដូងពីកំណើត និង ជំងឺមហារីក មានការយកចិត្តទុកដាក់ក្នុងព្យាបាលប្រកបដោយក្រមសីលធម៌វិជ្ជាជីវ:ក្នុងនាមជាកងទ័ពអាវស។
លោកជំទាវ ឡោក ខេង បានបន្ថែមថា សម្រាប់នីតិកាលទី៧នេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងវិស័យសុខាភិបាល និងគោលនយោបាយអាទិភាពសំដៅឈានដល់ការគ្របដណ្ដប់សុខភាពជាសាកល ក្នុងន័យនេះ ប.ស.ស. ក៏ដើរតួយ៉ាងសំខាន់ក្នុងការជំរុញគោលនយោបាយមួយនេះផងដែរ ៕
