ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ៦មេសាសប្ដាហ៍នេះថា លោកនឹងទាមទារឱ្យអ្នកសារព័ត៌មានដែលបានរាយការណ៍ដំបូងថា អ្នកបើកយន្តហោះម្នាក់នៅអ៊ីរ៉ង់ត្រូវបានជួយសង្គ្រោះ ដោយបង្ហាញពីរបៀបដែលពួកគេទទួលបានព័ត៌មាននោះ ហើយបានគំរាមចាប់ខ្លួនពួកគេដាក់ពន្ធនាគារ ប្រសិនបើពួកគេបដិសេធ។

ការអត្ថាធិប្បាយរបស់លោក Trump នៅឯសន្និសីទសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃចន្ទ តំណាងឱ្យការកើនឡើងគួរឱ្យកត់សម្គាល់នៃការវាយប្រហាររបស់រដ្ឋបាលនេះលើសារព័ត៌មាន។ លោកប្រធានាធិបតីបានត្អូញត្អែរប្រាប់ក្រុមមន្ត្រីជំនិតរបស់លោកប៉ុន្មានសប្តាហ៍ថ្មីៗនេះថា ការផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់គឺ អវិជ្ជមានខ្លាំងពេកហើយ ហើយលោក Trump និងសម្ព័ន្ធមិត្តរបស់លោក បានរិះគន់ជាសាធារណៈចំពោះការផ្សាយព័ត៌មានរបស់អង្គភាពព័ត៌មានមួយចំនួន។

បន្ទាប់ពីយន្តហោះចម្បាំងអាមេរិកមួយគ្រឿងត្រូវបានបាញ់ទម្លាក់នៅលើដែនអាកាសអ៊ីរ៉ង់កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា អ្នកបើកយន្តហោះចម្បាំងម្នាក់ក្នុងចំណោមអ្នកបើកយន្តហោះចម្បាំងពីរនាក់នៅលើយន្តហោះ ត្រូវបានរកឃើញដោយជោគជ័យដោយកងកម្លាំងជួយសង្គ្រោះអាមេរិក។

លោក Trump បាននិយាយថា ការបង្ហាញព័ត៌មាននេះបានគំរាមកំហែងដល់សន្តិសុខនៃប្រតិបត្តិការដែលកំពុងបន្តដើម្បីជួយសង្គ្រោះអ្នកបើកយន្តហោះទីពីរ ទោះបីជាបំផុត អ្នកបើកយន្តហោះនោះត្រូវបានរកឃើញដោយជោគជ័យក៏ដោយ។
លោកថា បន្ទាប់ពីមាននរណាម្នាក់បានធ្វើឲ្យលេចធ្លាយអ្វីមួយ ពួកលោកសង្ឃឹមថានឹងរកឃើញអ្នកធ្វើឲ្យព័ត៌មានលេចធ្លាយនោះ។ពួកលោកកំពុងរកមុខសញ្ញាយ៉ាងខ្លាំងដើម្បីស្វែងរកអ្នកដែលធ្វើឲ្យព័ត៌មាននោះលេចធ្លាយ៕