ក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉ែននិយាយថា ពួកគេបានបើកការវាយប្រហារដោយកំណត់គោលដៅលើអ៊ីស្រាអែល ដែលត្រូវបានសម្របសម្រួលរួមជាមួយអ្នកគាំទ្រក្រុមហ៊ូទី និងក្រុមហេសបូឡា នៅប្រទេសលីបង់។ អ្នកនាំពាក្យយោធា លោក Yahya Saree បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សម្ព័ន្ធមិត្តទាំងបី បានបាញ់ស្រោចមីស៊ីលស៊ីបគោលដៅនិងយានដ្រូនជាច្រើនគ្រាប់ ដោយកំណត់គោលដៅលើទីតាំងសំខាន់ៗ និងទីតាំងយោធាជាច្រើនកន្លែងជាកម្មសិទ្ធិរបស់សត្រូវអ៊ីស្រាអែល កាលពីថ្ងៃចន្ទ។

ក្រុមហ៊ូទី ដែលគ្រប់គ្រងភាគច្រើននៅភាគខាងជើងប្រទេសយេម៉ែន បានចូលរួមក្នុងសង្គ្រាមក្នុងការគាំទ្រអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែមីនា។ កាលពីពេលមុន ពួកគេបានបើកការវាយប្រហារលើអ៊ីស្រាអែល និងដាក់គោលដៅលើការដឹកជញ្ជូននៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ក្នុងអំឡុងពេលសង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ជាអ្វីដែលពួកគេនិយាយថា ជាការបង្ហាញសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន។

តួនាទីរបស់ក្រុមហេសបូឡាដែលត្រូវបានរាយការណ៍ក្នុងការវាយប្រហារ ធ្វើឡើងនៅពេលដែលអ៊ីស្រាអែលបន្តវាយលុកលើប្រទេសលីបង់ ដោយនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់។
ការវាយប្រហារចុងក្រោយបានធ្លាក់លើតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូតកាលពីថ្ងៃចន្ទ។ កងទ័ពអ៊ីស្រាអែល បានប្រកាសថាខ្លួនកំពុង «វាយប្រហារគោលដៅភេរវករក្រុមហេសបូឡានៅទីក្រុងបេរូត»។ កាលពីពេលថ្មីៗនេះ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារលើស្ថានីយប្រេងឥន្ធនៈ ក្រុមហ៊ុន Amana ចំនួនពីរកន្លែង «ដែលគ្រប់គ្រងដោយក្រុមហេសបូឡា និងបានបម្រើជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់» ជួយគាំទ្រសកម្មភាពរបស់ក្រុមនេះ។
