លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទ៦ មេសា ដើមសប្ដាហ៍នេះ ថា អ៊ុយក្រែនបានស្នើដល់រុស្ស៊ីឱ្យមានបទឈប់បាញ់លើបណ្ដាញថាមពល តាមរយៈក្រុមមន្ត្រីអាមេរិកដែលដើរតួជាអន្តរការី។

លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាពេលល្ងាចមួយថា ប្រសិនបើរុស្ស៊ីត្រៀមខ្លួនបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ពួកលោក ពួកលោកនឹងត្រៀមខ្លួនឆ្លើយតបវិញ។ សំណើនេះត្រូវបានបញ្ជូនទៅភាគីរុស្ស៊ីតាមរយៈអាមេរិក។

ប៉ុន្មានថ្ងៃមុននេះ លោក Zelenskyy បានដាក់សំណើបទឈប់បាញ់បុណ្យ Easter លើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងជំនួបតាមទូរស័ព្ទជាមួយក្រុមអ្នកចរចាអាមេរិកកាលពីថ្ងៃទី ១ខែមេសា។ រុស្ស៊ីបានបដិសេធ ហើយបានបន្តបាញ់ស្រោចមីស៊ីល និងយានដ្រូនទៅកាន់អ៊ុយក្រែន។
លោក Zelenskyy បាននិយាយថា ខណៈវត្តមានក្រុមមន្ត្រីអាមេរិក ត្រូវបានរំពឹងថានឹងទៅដល់អ៊ុយក្រែននៅចុងខែនេះ បន្ទាប់ពីសន្ទុះនៃការការចរចាសន្តិភាពធ្លាក់ចុះ ទីក្រុងគីវ នៅតែបន្តធ្វើការលើការធានាសន្តិសុខ ។

លោកថា ដូចដែលបានព្រមព្រៀងគ្នា អ៊ុយក្រែនកំពុងរៀបចំសំណើរបស់ខ្លួន ពង្រឹងឯកសារស្តីពីការធានាសន្តិសុខ។ ការធានាសន្តិសុខគឺជាគន្លឹះក្នុងការបញ្ចប់សង្គ្រាមពិតប្រាកដ ដើម្បីសន្តិភាពយូរអង្វែង។
បេសកជនសហរដ្ឋអាមេរិក លោក Steve Witkoff និងលោក Jared Kushner ត្រូវគេរំពឹងថានឹងដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិក ទៅកាន់ទីក្រុងគីវ បន្ទាប់ពីថ្ងៃបុណ្យ Easter ដែលនឹងត្រូវបានប្រារព្ធឡើងដោយព្រះវិហារសាសនាគ្រិស្ត Orthodox នៅថ្ងៃទី១២ ខែមេសា ខាងមុខនេះ៕