ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ត្រីមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរអន្ដរជាតិ កើន១១៤ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ ខណៈទេសចរផ្ទៃក្នុងកើន៤៨ភាគរយ។
តាមការប៉ាន់ស្មានកម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណពី ៦០ម៉ឺននាក់ ទៅ៧០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២នេះ ឬអាចច្រើនជាងនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រួលដល់ការធ្វើដំណើរ ដោយផ្តល់ទិដ្ឋាការពេលមកដល់ឡើងវិញ និងសម្រេចបន្ធូរបន្ថយលក្ខន្តតម្រូវផ្នែកសុខាភិបាល។
ឯកឧត្ដមរដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់ថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ទេសចរអន្តរជាតិសរុប ១៥១,៦៨០នាក់ កើនឡើង១១៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ៖ ផ្លូវអាកាស ៨៦,៥៨៨ នាក់ កើនឡើង១៥៨%, ផ្លូវគោក ៦៣,០៤៨នាក់ កើនឡើង៦៩%, ផ្លូវទឹក ២,០៤៤នាក់ (ត្រីមាសទី១ ឆ្នាំ២០២១ មិនមានទេសចរតាមផ្លូវទឹកទេ)៕