បេសកកម្មយានអវកាស Artemis II បានបង្កើតប្រវត្តិសាស្ត្រ ដោយក្រុមអវកាសយានិករបស់ខ្លួនធ្វើដំណើរកាន់តែឆ្ងាយពីភពផែនដីជាងជំនាន់មនុស្សណាៗទាំងអស់ពីមុន ដោយលើសពីកំណត់ត្រាដែលមានរយៈពេលជាងកន្លះសតវត្សរ៍ មកនេះ។

អវកាសយានិករបស់អង្គការ NASA គឺលោក Reid Wiseman លោក Victor Glover និងលោកស្រី Christina Koch រួមជាមួយអវកាសយានិករបស់ទីភ្នាក់ងារអវកាសកាណាដា (CSA) គឺលោក Jeremy Hansen កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានវ៉ាដាច់កំណត់ត្រាចម្ងាយឆ្ងាយរបស់បេសកកម្ម Apollo 13 ចំនួន ២៤៨.៦៥៥ ម៉ាយពីភពផែនដី ដែលត្រូវបានបង្កើតកំណត់ត្រានៅឆ្នាំ១៩៧០។

ឥឡូវនេះបេសកកម្ម Artemis II បានលើសពីកំណត់ត្រានោះជាង៤.០០០ម៉ាយឬស្មើ៦.៤៣៧ គីឡូម៉ែត្រ ដោយឈានដល់ចម្ងាយអតិបរមាប្រហែល២៥២.៧៥៧ ម៉ាយពីភពផែនដី។ សមិទ្ធផលនេះក្លាយជាចំណុចរបត់និមិត្តរូបមួយនៅក្នុងការជំរុញថ្មីរបស់អង្គការ NASA ឆ្ពោះទៅរកការរុករកកាន់តែជ្រៅក្នុងទីអវកាស និងគោលដៅរយៈពេលវែងរបស់ខ្លួនក្នុងការបញ្ជូនមនុស្សត្រឡប់ទៅកាន់ភពព្រះចន្ទវិញ និងទីបំផុតបញ្ជូនបេសកកម្មទៅកាន់ភពអង្គារ។

ថ្លែងបន្ទាប់ពីព្រឹត្តិការណ៍សំខាន់នេះ អវកាសយានិកម្នាក់ក្នុងចំណោមពួកគេបានបង្ហាញការគោរពដល់ក្រុមអ្នករុករកជំនាន់មុន។ យោងតាមទូរទស្សន៍ BBC សមាជិកក្រុមយានអវកាសរូបនេះបាននិយាយថា ពួកគេបានធ្វើដំណើរលើសពីចម្ងាយឆ្ងាយបំផុតដែលមនុស្សធ្លាប់ធ្វើដំណើរពីភពផែនដី។ពួកគេធ្វើដូច្នេះដើម្បីបង្ហាញការគោរពដល់កិច្ចខិតខំប្រឹងប្រែង និងស្នាដៃដ៏អស្ចារ្យរបស់ក្រុមបេសកកម្មជំនាន់មុនរបស់ពួកគេក្នុងការរុករករបស់មនុស្សនៅលើទីអវកាស។
អង្គការណាសា បានរាយការណ៍ពីវឌ្ឍនភាពយ៉ាងល្អនៃការហោះក្រឡឹងជុំវិញព្រះចន្ទ ចាប់តាំងពី បេសកកម្មដែលមានរយៈពេលប្រហែល ១០ថ្ងៃនេះ បានចាប់ផ្ដើមកាលពីថ្ងៃពុធសប្ដាហ៍មុនមក៕