ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich នៅតែបន្តរង់ចាំដំណឹងខ្សែប្រយុទ្ធអង់គ្លេស Harry Kane ថាតើអាចចូលលេងបានរឺអត់នៅពេលជួបម្ចាស់ផ្ទះ Real Madrid រាត្រីនេះវគ្គ ៨ ក្រុមចុងក្រោយជើងទីមួយ UEFA Champions League។
ប្រធានក្រុមអង់គ្លេសវ័យ ៣២ ឆ្នាំរូបនេះ បានចូលធ្វើការហ្វឹកហាត់នៅទីក្រុង Munich ថ្ងៃចន្ទម្សិលមិញមុនពេលធ្វើដំណើរទៅ Madrid ថ្ងៃនេះ បន្ទាប់ពីមានបញ្ហារបួសកជើងតិចតួច ដែលធ្វើឱ្យរូបគេមិនអាចបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេសពេលចាញ់ជប៉ុនលក្ខណៈមិត្តភាពថ្មីៗនេះ។
Kane ក៏អវត្តមានពីការប្រកួតដែល Bayern Munich យកឈ្នះនៅទឹកដី Freiburg ៣-២ ផងដែរ ខណៈគ្រូបង្វឹកលោក Vincent Kompany ឱ្យដឹងថា លោកកំពុងតាមដានយ៉ាងជិតស្និតពាក់ព័ន្ធនឹងបញ្ហារបួសរបស់ Kane ហើយក៏ សង្ឃឹមថាគេអាចមានមុខជួយក្រុមយប់នេះ។
សូមបញ្ជាក់ថា Harry Kane គឺជាសមាជិកសំខាន់របស់ Bayern Munich ក្នុងការរកគ្រាប់បាល់ បន្ទាប់ពីអតីតខ្សែប្រយុទ្ធ Spurs រូបនេះរកបាន ១០ គ្រាប់នៅ UCL រដូវកាលនេះ និង ៣១ គ្រាប់នៅ Bundesliga៕ អត្ថបទ៖នាង សុភាវុធ



