មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានសម្តែងការចូលរួមរំលែកទុក្ខចំពោះឧត្តមសេនីយ៍ជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ដោយនិយាយថា «ការធ្វើឃាត និងឧក្រិដ្ឋកម្ម» ប្រឆាំងនឹងថ្នាក់ដឹកនាំអ៊ីរ៉ង់នឹងមិនបញ្ឈប់ដំណើរការរបស់ប្រទេសនេះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ លោក Khamenei បានសរសើរលោក Majid Khademi ប្រធានអង្គការការពារចារកម្មរបស់ IRGC សម្រាប់ «កិច្ចខិតខំប្រឹងប្រែងស្ងាត់ៗ ក្នុងវិស័យសន្តិសុខ ចារកម្ម និងការពារជាតិ»របស់ប្រទេសអ៊ីរ៉ង់ អស់រយៈពេលជាច្រើនទសវត្សរ៍។

លោកក៏បានចោទប្រកាន់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកថា បានងាកទៅរក «ភេរវកម្ម និងការធ្វើឃាត» បន្ទាប់ពី «ការបរាជ័យជាបន្តបន្ទាប់"។ លោក Khademi ត្រូវបានសម្លាប់ នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃចន្ទនៅក្នុងការវាយប្រហារតាមអាកាសដែលអ៊ីស្រាអែលបានអះអាង។
លោក Khamenei បានសម្តែងការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងសមមិត្តរបស់លោក Khademi ក៏ដូចជាមេបញ្ជាការផ្សេងទៀតនៃអង្គការចារកម្មរបស់កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC)៕