កំពង់ចាម ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងថា គណបក្សប្រជាជនកម្ពុជាទទួលនូវអម្រែកភារកិច្ចជាច្រើនដើម្បីបម្រើប្រជាពលរដ្ឋ ហើយនឹងបន្តលើកតម្កើងសិទ្ធិសេរីភាពប្រជាជន បន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពដើម្បីនិន្តរភាពជាតិជាដើម។
ថ្លែងនៅក្នុងពិធីប្រកាសទទួលស្គាល់យុវជន ជាសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ ខេត្តកំពង់ចាម, ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ លោកហ៊ុន ម៉ាណែត បានលើកឡើង«គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សកាន់អំណាច ដែលសំដៅដល់ការទទួលនូវអម្រែកភារកិច្ចបម្រើប្រជាពលរដ្ឋ។ ដូច្នេះ សូមគណបក្សមូលដ្ឋានបន្តសហការជាមួយក្រុមការងារគណបក្សគ្រប់យន្តការ ក្នុងនាមជាកម្លាំងសរុបរបស់បក្ស ខិតខំបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អជាប់ជាប្រចាំ និងអស់លទ្ធភាព ដោយកំណត់អាយុជីវិត និងជីវភាពរបស់ប្រជាជនជាកត្តាអាទិភាពចម្បង, បន្តចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន, បន្តលើកតម្កើងសិទ្ធិសេរីភាពប្រជាជន, និងបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពដើម្បីនិន្តរភាពជាតិ»។
លោកបានលើកឡើងទៀតថា សូមសមាជិក-សមាជិកាបក្សទាំងអស់មានមោទនភាពចំពោះមហាគ្រួសារមួយនេះ(គណបក្សប្រជាជនកម្ពុជា) ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងសូមបន្តចូលរួមជួយសង្គម ជួយសហគមន៍ ជួយគ្រួសារ ទោះជាក្នុងលក្ខណៈបុគ្គលក្តី ឬជាក្រុមក្តី ជាពិសេសសមាជិក-សមាជិកាបក្សទាំងអស់ ក៏ត្រូវដើរតួនាទីផងដែរនៅក្នុងការជំរុញផ្សព្វផ្សាយសមិទ្ធផលរបស់បក្ស និងការពារកិត្តិយស និងសច្ចភាពរបស់បក្ស។
លោកបន្តថាក្នុងរយៈពេលជាង ៤០ ឆ្នាំ កន្លងមកនេះ នៅក្រោមការខិតខំប្រឹងប្រែង និងបូជាលះបង់របស់មន្ត្រីបក្សជាច្រើនជំនាន់ គឺគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ និងសមិទ្ធផលយ៉ាងធំធេងលើការដឹកនាំនាវាកម្ពុជាមកដល់ចំណុចនេះ។ តទៅមុខទៀត គណបក្សមួយនេះ នឹងកាន់តែរឹមាំ និងមានសមាជិកកាន់តែច្រើនបន្ថែមទៀត ដែលទាំងនេះគឺជាកម្លាំងចិត្តដ៏មានថាមពលសម្រាប់ការបន្តបំពេញតួនាទី និងភារកិច្ចរបស់យើង។
ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍ និងអបអរសាទរចំពោះការចូលរួមរបស់យុវជន យុវនារី ជាសមាជិកថ្មីនៅក្នុងមហាគ្រួសារដ៏កក់ក្តៅនៃគណបក្សប្រជាជនកម្ពុជាផងដែរ។ ហើយលោកបានលើកឡើងផងដែរនៅក្នុងសង្គមប្រជាធិបតេយ្យកម្ពុជានាពេលបច្ចុប្បន្ន គឺមានគណបក្សនយោបាយច្រើន ដោយក្នុងនេះមហាគ្រួសារគណបក្សប្រជាជនកម្ពុជា គឺជាគ្រួសារធំជាងគេ ដែលមានសមាជិកជាយុវជនជាង ៣ លាននាក់នៅទូទាំងប្រទេស។ សំខាន់ជាងនេះគណបក្សប្រជាជន ជាគ្រួសារ ដែលមានគុណបំណាច់ និងស្នាដៃយ៉ាងធំធេងនៅក្នុងការបម្រើ និងការពារជាតិ និងប្រជាជន ដោយស្មោះត្រង់ និងដោយគ្មានការបែងចែករើសអើង។ ជាក់ស្តែង ថ្នាក់ដឹកនាំសមាជិក-សមាជិកាគ្រួសារមួយនេះ បានចូលរួមនៅក្នុងបុព្វហេតុជាតិជាច្រើនទៅតាមដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រ ជាអាទិ៍ការរំដោះប្រជាពលរដ្ឋចេញពីរបបប៉ុលពត, ការសម្រេចបាននូវសុខសន្តិភាពពេញលេញជូនជាតិតាមរយៈនយោបាយឈ្នះឈ្នះ ហើយក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ គឺអាយុជីវិតប្រជាជនខ្មែររាប់លាននាក់ ត្រូវបានសង្គ្រោះ និងការពារឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩ផងដែរ៕អត្ថបទ ៖ បាន ចក់





