ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានព្រមានថា ការវាយប្រហារនៅជិតរោងចក្រថាមពលបរមាណូ Bushehr របស់អ៊ីរ៉ង់ «បង្កគ្រោះថ្នាក់យ៉ាងពិតប្រាកដដល់សុវត្ថិភាពនុយក្លេអ៊ែរ ហើយត្រូវតែបញ្ឈប់»។

រោងចក្រនេះ ដែលមានទីតាំងនៅភាគខាងត្បូងនៃប្រទេសនេះ និងបំពាក់ដោយរ៉េអាក់ទ័រកម្លាំង ១.000 មេហ្គាវ៉ាត់ ត្រូវបានគេកំណត់គោលដៅចំនួន ៤លើក ចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បានចាប់ផ្តើម។

ការវាយប្រហារចុងក្រោយនេះ ត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍។
លោក Rafael Grossi នាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ការវាយប្រហារនៅជិតរោងចក្រដែលកំពុងដំណើរការនេះ «អាចបង្កឲ្យមានគ្រោះថ្នាក់ វិទ្យុសកម្មធ្ងន់ធ្ងរ ជាមួយនឹងផលវិបាកដ៏គ្រោះថ្នាក់ដល់មនុស្ស និងបរិស្ថាន នៅក្នុងប្រទេសអ៊ីរ៉ង់ និងលើសពីនេះ»៕