កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា រហូតមកទល់ពេលនេះ ខ្លួនបានធ្វើឲ្យសមត្ថភាពនាំចេញប្រេងឥន្ធនៈរបស់អ៊ីរ៉ង់ជាង ៨៥ភាគរយ មិនអាចដំណើរការបាន បន្ទាប់ពីការវាយប្រហារទៅលើរោងចក្រប្រេងឥន្ធនៈធំជាងគេទី២ របស់អ៊ីរ៉ង់។

កងកម្លាំងការពារជាតិអ៊ីស្រាអែល បានបញ្ជាក់ថា កងទ័ពអាកាសរបស់ខ្លួន ដែលធ្វើសកម្មភាពស៊ើបការណ៍សម្ងាត់ កាលពីថ្ងៃចន្ទ បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធនៅរោងចក្រប្រេងឥន្ធនៈធំបំផុតរបស់អ៊ីរ៉ង់ ដែលមានទីតាំងនៅស្រុក Assaluyeh ក្នុងខេត្ត Bushehr ភាគខាងត្បូង។

នាព្រឹកថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសពីការវាយប្រហារតាមអាកាសលើរោងចក្រនេះ ដែលមានប្រហែល ៥០ ភាគរយនៃផលិតកម្មប្រេងឥន្ធនៈរបស់អ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍របស់ IDF បានចោទថា រោងចក្រនេះផលិត និងនាំចេញសម្ភារៈគីមីសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា រោងចក្រនេះ បានបម្រើជាមជ្ឈមណ្ឌលសំខាន់សម្រាប់ផលិតគ្រឿងបន្លាស់សំខាន់ៗសម្រាប់ឧស្សាហកម្មមីស៊ីលរបស់អ៊ីរ៉ង់ ហើយការខូចខាតនេះ នឹងរំខានដល់សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការប្រើប្រាស់សម្ភារៈទាំងនេះ ដើម្បីផលិតអាវុធ៕