ភ្នំពេញ៖ ប្រទេសកូរ៉េ ចង់ជួយដល់កសិករកម្ពុជា ដើម្បីផលិតកសិផលសរីរាង្គលំដាប់អន្តរជាតិ ដែលជំរុញដល់ការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ខណៈឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ បានជំរុញដល់វិស័យធ្វើការ លើការផលិតជីសរីរាង្គកូរ៉េ មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយកបន្ថែមពីសក្ដានុពលកម្ពុជា ក៏ដូចជាបង្កើតរោងចក្រផលិតជីសរីរាង្គ ។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោក Park Hee Soo ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Saemyeong Energy Tech បានឲ្យដឹងថា ក្រុមហ៊ុនលោក មានគម្រោងនាំយកបច្ចេកវិទ្យាផលិតជីសរីរាង្គ ឈានមុខគេរបស់កូរ៉េ ទៅចែករំលែក ជូនដល់ប្រជាកសិករកម្ពុជា ដែលកំពុងប្រកបរបរដាំដុះដំណាំស្រូវ ពោត សណ្តែក និងដំណាំបន្លែ ផ្លែឈើផ្សេងៗ ។
លោកបានបន្ថែមថា ចង់ឃើញផលិតផលកសិកម្មរបស់កម្ពុជា ក្លាយជាកសិផលសរីរាង្គលំដាប់ថ្នាក់អន្តរជាតិ ដើម្បីជួយបង្កើនជីវភាពរស់នៅរបស់ប្រជាជន ជាពិសេស ប្រជាកសិករកម្ពុជា ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើមនេះ និងបានថ្លែងអំណរគុណ ចំពោះទឹកចិត្តរបស់លោក Park ក្នុងបំណងលើកស្ទួយជីវភាព របស់ប្រជាកសិករកម្ពុជា ព្រោះវិស័យកសិកម្មជាវិស័យសំខាន់ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តម ឃួន ផុនរតនៈ ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ចាប់ផ្តើមរៀបចំរោងចក្រ ឬកន្លែងស្រាវជ្រាវធ្វើជីសិរីរាង្គនៅកម្ពុជា និងអញ្ជើញប្រធានក្រុមហ៊ុន និងប្រតិភូ ទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយវិស័យឯកជនផ្នែកកសិកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានសំណូមពរក្រុមហ៊ុនជ្រើសរើសនិស្សិត ឬពលករខ្មែរដែលកំពុងសិក្សា និងបំរើការងារនៅកូរ៉េ ដើម្បីផ្តល់ឱកាសឲ្យពួកគេទទួលបាននូវបទពិសោធន៍ និងជំនាញបច្ចេកទេស ក្នុងការផលិតជីសិរីរាង្គនេះ ដូច្នេះក្រោយពេលពួកគេ ត្រលប់មកកម្ពុជាវិញ នឹងមានជំនាញក្នុងការផលិតជីសិរីរាង្គ និងអាចជួយដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ



