ប្រភពចំនួន ៣ ដែលដឹងពីបញ្ហានេះ កាលពីថ្ងៃចន្ទ (ទី៦ ខែមេសា ឆ្នាំ២០២៦) បានប្រាប់សារព័ត៌មាន The Times of Israel ថា ក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅតំបន់ហ្កាហ្សា បានផ្តល់ពេលដល់ក្រុមហាម៉ាសរហូតដល់ចុងសប្តាហ៍ ដើម្បីឲ្យទទួលយកសំណើរំសាយអាវុធ ដោយស្ថាប័នអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកត្រួតពិនិត្យការគ្រប់គ្រងក្រោយសង្គ្រាមនៃដែនដីនេះ ដែលប្តេជ្ញាជំរុញការកសាងឡើងវិញ ទោះបីជាសង្គ្រាមអ៊ីរ៉ង់ នៅតែបន្តមានក៏ដោយ។
ដោយបញ្ជាក់ពីសេចក្ដីរាយការណ៍ នៅក្នុងសារព័ត៌មាន The New York Times អ្នកការទូតអារ៉ាប់ ២រូប និងប្រភពទី៣ ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹង លោក Nickolay Mladenov តំណាងជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិភាព សម្រាប់តំបន់ហ្កាហ្សា បានជួបជាមួយគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ហាម៉ាស នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប កាលពីថ្ងៃសុក្រចុងសប្ហាហ៍កន្លងមក ហើយក្រុមភេរវកម្មត្រូវបានជូនដំណឹងថា ក្រុមប្រឹក្សាត្រួតពិនិត្យហ្កាហ្សា ចង់បានកិច្ចព្រមព្រៀងរំសាយអាវុធដែលបញ្ចប់គ្រប់យ៉ាងនៅចុងសប្តាហ៍នេះ។

ប្រភពទាំងនេះបានបញ្ជាក់ថា ការកេប្រែតិចតួច ចំពោះសំណើរំសាយអាវុធ នឹងនៅតែត្រូវបានពិចារណា ខណៈពេលដែលសំណើ សម្រាប់ការផ្លាស់ប្តូរជាមូលដ្ឋាន ដោយក្រុមហាម៉ាស នឹងមិនត្រូវបានទទួលយកទេ។
អ្នកការទូតអារ៉ាប់មួយរូបបានបញ្ជាក់ថា លោក Mladenov ជឿជាក់ថា វាអាចទៅរួច ក្នុងការបន្តទៅមុខជាមួយនឹងដំណាក់កាលទី២ នៃផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់ការបញ្ចប់សង្គ្រាមហ្កាហ្សា ខណៈពេលដែលទទួលស្គាល់ថា ប្រទេសសម្របសម្រួលនៅមជ្ឈិមបូព៌ា គឺអេហ្ស៊ីប កាតា និងទួរគី មិនមានសុទិដ្ឋិនិយមនោះទេ៕

