អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃចន្ទថា ការវាយប្រហារដោយយានដ្រូនជាបន្តបន្ទាប់នៅក្នុងប្រទេសស៊ូដង់ កំពុងសម្លាប់ជនស៊ីវិល បំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងធ្វើឱ្យតម្រូវការមនុស្សធម៌ធ្ងន់ធ្ងររួចទៅហើយនៅទូទាំងប្រទេស។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ការវាយប្រហារទាំងនេះ បានកំណត់គោលដៅកាន់តែខ្លាំងលើតំបន់មានប្រជាជនរស់នៅច្រើន និងមណ្ឌលថែទាំសុខភាព ដែលបានរឹតត្បិតដំណើរការទទួលបានសេវាថែទាំសំខាន់ៗ ខណៈជម្លោះជិតឈានដល់ឆ្នាំទីបី។
អង្គារ OCHA បាននិយាយថា នៅក្នុងរដ្ឋ White Nile ការវាយប្រហារដោយយានដ្រូនលើមន្ទីរពេទ្យ Al-Jabalain កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានសម្លាប់បុគ្គលិកសុខាភិបាលចំនួន ១០ នាក់ និងរបួស ២២ នាក់ផ្សេងទៀត ដែលបង្ខំឱ្យមានការរំខានយ៉ាងខ្លាំងដល់សេវាវេជ្ជសាស្ត្រ។

នៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីចុងសប្តាហ៍ លោក Tom Fletcher អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ បានអំពាវនាវឱ្យមានការការពារបុគ្គលិកពេទ្យ និងមណ្ឌលសុខភាព ដោយសង្កត់ធ្ងន់ថា ច្បាប់មនុស្សធម៌អន្តរជាតិ តម្រូវឱ្យមានការការពារបែបនេះ។ អង្គការ OCHA បាននិយាយថា «ឧប្បត្តិហេតុទាំងនេះ គឺជាផ្នែកនៃគំរូដ៏ទូលំទូលាយនៃការវាយប្រហារលើមណ្ឌលថែទាំសុខភាពនៅក្នុងប្រទេសស៊ូដង់»។
