លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា វត្តមានយោធារបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាបាននាំមក «គ្មានអ្វីក្រៅពីភាពអសន្តិសុខ» ដល់តំបន់នោះទេ។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតេអេរ៉ង់ លោក Baghaei បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិក មិនបានធ្វើការវាយប្រហារលើអ៊ីរ៉ង់ពីមូលដ្ឋានយោធានានារបស់ខ្លួននៅក្នុងតំបន់នោះទេ អ៊ីរ៉ង់នឹងគ្មានហេតុផលណាដើម្បីបាញ់មីស៊ីលទៅលើប្រទេសជិតខាងខ្លួនឡើយ។

លោកបានប្រាប់អ្នកសារព័ត៌មានថា «ប្រសិនបើ ទឹកដីរបស់ប្រទេសជិតខាងមិនត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារលើអ៊ីរ៉ង់នោះទេ យើងពិតជាមិនអនុញ្ញាតឱ្យយានដ្រូនសូម្បីតែមួយគ្រឿងត្រូវបានបង្ហោះចូលទៅក្នុងប្រទេសក្នុងតំបន់ នោះដែរ។ បញ្ហាពុំមែនកើតចេញពីយើងទេ។ យើងមិនបានចាកចេញពីអ៊ីរ៉ង់ដើម្បីទៅកាន់ឈូងសមុទ្រម៉ិកស៊ិក ឬទៅកាន់ឆ្នេរសមុទ្រភាគខាងកើត និងខាងលិចសហរដ្ឋអាមេរិក ដើម្បីធ្វើសកម្មភាពប្រឆាំងអាមេរិក នោះទេ។ គឺជា សហរដ្ឋអាមេរិក ដែលបានបង្កើតមូលដ្ឋានយោធារបស់ខ្លួននៅទូទាំងតំបន់ នៅជិតព្រំដែនរបស់យើង ហើយប្រើប្រាស់មូលដ្ឋានទាំងនោះដើម្បីធ្វើការវាយប្រហារប្រឆាំងអ៊ីរ៉ង់»។
លោកបាននិយាយថា បច្ចុប្បន្នអ៊ីរ៉ង់កំពុងផ្តោតការខិតខំប្រឹងប្រែងទាំងអស់របស់ខ្លួន លើការការពារជាតិ ហើយប្រទេសនេះមានភាពច្បាស់លាស់ក្នុងជំហររបស់ខ្លួនលើបញ្ហាសង្គ្រាម និងសន្តិភាព ហើយការសម្រេចចិត្តនឹងត្រូវបានធ្វើឡើងតាមការចាំបាច់ស្របតាមរដ្ឋធម្មនុញ្ញ និងការណែនាំរបស់មេដឹកនាំកំពូល។ លោក Baghaei បាននិយាយថា កាលពីប៉ុន្មានថ្ងៃមុន ផែនការ១៥ចំណុចរបស់សហរដ្ឋអាមេរិកត្រូវបានបញ្ជូនបន្តទៅឲ្យអ៊ីរ៉ង់តាមរយៈអន្តរការី ហើយអ៊ីរ៉ង់ បានប្រកាសនៅពេលនោះថា ផែនការនេះមាន «ការទាមទារហួសហេតុ មិនប្រក្រតី និងមិនសមហេតុផល»។
