ស្វាយរៀង៖ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្ដម លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានជួបសំណេះសំណាលជាមួយមេក្រុមបក្ស និងប្រកាសទទួលសមាជិកគណបក្សថ្មីសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។
ឯកឧត្ដមបានថ្លែងអំណរគុណចំពោះការសម្រេចចិត្តរបស់ប្រជាពលរដ្ឋសង្កាត់ប្រាសាទ ដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងឆាកជីវិតរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ពីព្រោះមានតែគណបក្សប្រជាជនទេ ដែលបាននាំមកនូវសុខសន្តិភាព និងបានរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ព្រមទាំងបាននាំមកនូវការបង្រួបបង្រួមជាតិក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
ឯកឧត្តម លី ធុជ បានជំរុញឲ្យមេក្រុមបក្សនីមួយៗ ត្រូវបន្តយកចិត្តទុកដាក់ និងចុះសួរសុខទុក្ខជាប្រចាំដល់សមាជិកក្រុមបក្សទាំងអស់របស់ខ្លួន និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍ ហើយសមាជិកបក្សទាំងអស់ត្រូវស្មោះត្រង់ឥតងាករេចំពោះគណបក្សប្រជាជនកម្ពុជា និងគោរពតាមលក្ខន្តិកៈរបស់គណបក្សដាច់ខាត៕



