មេដឹកនាំប្រឆាំងតៃវ៉ាន់ លោកស្រី Cheng Li-wun បានចាកចេញទៅកាន់ប្រទេសចិន នៅថ្ងៃអង្គារ (ទី៧ ឃេមេសា ឆ្នាំ២០២៦) សម្រាប់បេសកកម្ម «សន្តិភាព» និងកិច្ចប្រជុំដែលអាចកើតមានជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ខណៈដែលអាជ្ញាធរជាន់ខ្ពស់របស់កោះនេះ បានរៀបរាប់លម្អិតអំពីចំនួននាវាចម្បាំងចិន ដែលកំពុងត្រូវបានដាក់ពង្រាយ នៅជុំវិញកោះនេះ។

លោកស្រី Cheng ប្រធានគណបក្ស Kuomintang (KMT) ដែលជាគណបក្សប្រឆាំងធំបំផុតរបស់កោះតៃវ៉ាន់ កំពុងធ្វើដំណើរ ក្នុងពេលដែលសម្ពាធយោធាចិនកើនឡើងលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីរបស់ខ្លួន និងខណៈដែលសភាគ្រប់គ្រងដោយគណបក្សប្រឆាំង បានពន្យារផែនការរបស់រដ្ឋបាល សម្រាប់ការចំណាយបន្ថែមចំនួន ៤០ពាន់លានដុល្លារ លើវិស័យការពារជាតិ។
អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន នៅទីស្នាក់ការកណ្តាលគណបក្សរបស់លោកស្រី មុនចាកចេញទៅអាកាសយានដ្ឋាន លោកស្រី Cheng បានសង្កត់ធ្ងន់ថា លោកស្រីកំពុងបង្កើតនូវ «ដំណើរប្រវត្តិសាស្ត្រ ដើម្បីសន្តិភាព» ប៉ុន្តែបានទទួលស្គាល់ថា មនុស្សមួយចំនួនមានអារម្មណ៍មិនស្រណុកឡើយ អំពីការធ្វើដំណើររបស់លោកស្រី។

ប្រទេសចិន ដែលមិនបោះបង់ចោលការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះតៃវ៉ាន់ឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន បានបដិសេធមិនជជែកជាមួយមេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te ដោយចាត់ទុករូបលោកជា «អ្នកផ្ដាច់ខ្លួន»។
កាលពីយប់ថ្ងៃចន្ទ លោកស្រី Kuan Bi-ling ប្រធានក្រុមប្រឹក្សាកិច្ចការសមុទ្ររបស់កោះតៃវ៉ាន់ ដែលគ្រប់គ្រងឆ្មាំសមុទ្រ បានបង្ហោះរូបភាពនៅលើគណនីហ្វេសប៊ុករបស់លោកស្រី អំពីការដាក់ពង្រាយនាវាចម្បាំងចិនបច្ចុប្បន្ន នៅជុំវិញកោះនេះ ដោយមាន ២គ្រឿងនៅឆ្នេរភាគខាងកើត និង ១គ្រឿងៗ នៅភាគខាងជើង ពាយ័ព្យ និងនិរតី។ ដោយសំដៅទៅលើរបៀបដែលយោធាចិនបានហៅគម្រោងប្រព័ន្ធការពារដែនអាកាស T-Dome របស់កោះតៃវ៉ាន់ និងនិយាយ អំពីដំណើរទស្សនកិច្ចរបស់លោកស្រី Cheng លោកស្រី Kuan បានប្រាប់អ្នកសារព័ត៌មាននៅសភា នាថ្ងៃអង្គារនេះថា៖ «នៅពេលអ្នកចាកចេញ អ្នកកំពុងធ្វើដូច្នេះ ពីខាងក្នុងអ្វីដែលពួកគេមើលឃើញថា ជាកោះតៃវ៉ាន់ត្រូវបានឡោមព័ទ្ធ»៕
