ក្រសួងបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ការឆ្លើយតបដ៏កម្ររបស់កូរ៉េខាងជើង ចំពោះការបង្ហាញការសោកស្តាយរបស់ប្រធានាធិបតី Lee Jae Myung ពាក់ព័ន្ធនឹងការលុកលុយដោយយានដ្រូន គឺជា «វឌ្ឍនភាពដ៏មានអត្ថន័យ» ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា។
រដ្ឋាភិបាលរបស់លោក Lee បាននិងកំពុងស្វែងរកវិធី ដើម្បីធ្វើឲ្យប្រសើរឡើងវិញនូវទំនាក់ទំនង រវាងប្រទេសជិតខាងទាំង២ ដែលតាមបច្ចេកទេសនៅតែស្ថិតក្នុងការមានសង្គ្រាមជាមួយគ្នា បន្ទាប់ពីសង្គ្រាមកូរ៉េពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បានបញ្ចប់ដោយបទឈប់បាញ់។

ក្រសួងដែលគ្រប់គ្រងដោះស្រាយទំនាក់ទំនង រវាងកូរ៉េទាំង២ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងសេអ៊ូលនឹងរក្សាគោលការណ៍របស់ខ្លួន ក្នុងការចៀសវាងកុំឲ្យមាននូវសកម្មភាពអរិភាពណាមួយ ចំពោះកូរ៉េខាងជើង ខណៈពេលដែលបន្តគោលនយោបាយរួមរស់ប្រកបដោយសន្តិភាព នៅលើឧបទ្វីបកូរ៉េ។
ក្រសួងបានឆ្លើយតបទៅនឹងការកត់សម្គាល់ដែលបានផ្សាយកាលពីថ្ងៃទី៦ ខែមេសា ដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង ដែលលោកស្រី Kim Yo Jong ជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ លោក Kim Jong Un បាននិយាយថា ទីក្រុងព្យុងយ៉ាងចាត់ទុកការសូមអភ័យទោសរបស់លោក Lee ចំពោះការលុកលុយដោយយានដ្រូន និងការសន្យាទប់ស្កាត់កុំឲ្យកើតម្ដងទៀតថា ជា «ភ័ព្វល្អ និងឈ្លាសវៃណាស់» ដែលជាភាសាផ្ទុយពីវោហាសាស្ត្រដ៏ខ្លាំងក្លាអស់រយៈពេលជាច្រើនឆ្នាំ។
កាលពីថ្ងៃទី៦ ខែមេសា លោក Lee បានសម្តែងការសោកស្តាយ ចំពោះទីក្រុងព្យុងយ៉ាង ជុំវិញភាពតានតឹងយោធាមិនចាំបាច់ ដែលបង្កឡើងដោយយានដ្រូនជាច្រើនគ្រឿងហោះចូលទៅក្នុងដែនអាកាសកូរ៉េខាងជើង៕

