មនុស្សយ៉ាងហោចណាស់ ២នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅជិតស្ថានកុងស៊ុលអ៊ីស្រាអែល ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយទួរគី ដែលបានរាយការណ៍ នៅថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) នេះ។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋទួរគី បានឲ្យដឹងទៀតថា មន្ត្រីនគរបាល ២រូប ក៏បានរងរបួសដែរ នៅក្នុងហេតុការណ៍នេះ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទួរគី បានឲ្យដឹងថា ការស៊ើបអង្កេតមួយ នឹងត្រូវធ្វើឡើង ចំពោះហេតុការណ៍នេះ ដោយបន្ថែមថា រដ្ឋអាជ្ញា ៣រូប ត្រូវបានចាត់តាំង។
ដោយឡែក ប្រភពខ្លះបានឲ្យដឹងថា មិនមានអ្នកការទូតអ៊ីស្រាអែលណាម្នាក់ កំពុងមានវត្តមាននៅក្នុងប្រទេសទួរគីនោះទេ ទាំងនៅស្ថានកុងស៊ុល ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ឬស្ថានទូតនៅទីក្រុងអង់ការ៉ា។
ទូរទស្សន៍ NTV បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ១២:១៥រសៀល ម៉ោងក្នុងស្រុក ដោយបានផ្សាយនូវរូបភាពនៃការដាក់ពង្រាយកម្លាំងនគរបាលយ៉ាងច្រើន នៅជុំវិញស្ថានកុងស៊ុល ដែលមានទីតាំងនៅក្នុងតំបន់ពាណិជ្ជកម្ម Levent នៃទីក្រុងអ៊ីស្តង់ប៊ុល៕
