យោធាអ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី២ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានបញ្ចប់ការដាក់ពង្រាយកងទ័ពថ្មើរជើង តាមបណ្តោយ «ខ្សែបន្ទាត់ព្រំដែនការពារ» នៅភាគខាងត្បូងនៃប្រទេសលីបង់ ជាកន្លែងដែលខ្លួនកំពុងប្រយុទ្ធជាមួយក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។
យោធាមិនបានផ្តល់សេចក្ដីលម្អិតភូមិសាស្ត្រណាមួយ នៅទីតាំងឆ្ងាយបំផុត ដែលទាហានរបស់ខ្លួនបានរុលចូលទៅក្នុងដែនដីលីបង់នោះទេ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា នៅដំណាក់កាលនេះ យោធាមិនមានបំណងឲ្យកងទ័ពរុលចូលជ្រៅចម្ងាយប្រហែលជាង ២០គីឡូម៉ែត្រ នៅភាគខាងជើងនៃព្រំដែនអ៊ីស្រាអែល-លីបង់នោះទេ។

សេចក្តីថ្លែងការណ៍យោធាមួយ បានឲ្យដឹងថា៖ «នៅដំណាក់កាលនេះ ទាហាន IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) បានបញ្ចប់សព្វគ្រប់នូវការដាក់ពង្រាយរបស់ពួកគេ តាមបណ្តោយខ្សែបន្ទាត់ព្រំដែនការពារមីស៊ីលប្រឆាំងរថក្រោះ ហើយបន្តប្រតិបត្តិការ នៅក្នុងតំបន់នោះ ដើម្បីពង្រឹងជំហរការពារជួរមុខ និងលុបបំបាត់ការគំរាមកំហែង ចំពោះប្រជាជន និងសហគមន៍ នៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែល»។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz បាននិយាយជាច្រើនដងក្នុងសប្តាហ៍ថ្មីៗនេះថា អ៊ីស្រាអែលមានបំណងបង្កើត «តំបន់សន្តិសុខ» នៅភាគខាងត្បូងលីបង់ ដែលលាតសន្ធឹងដល់ទន្លេ Litani ដែល ដើម្បីទប់ស្កាត់ការបាញ់រ៉ូកែត យានដ្រូន ឬមីស៊ីលទៅលើសហគមន៍ភាគខាងជើងនសប្រទេសអ៊ីស្រាអែល៕
