ទិន្នន័យតាមដានផ្លូវដឹកជញ្ជូនបង្ហាញថា នាវាដឹកឧស្ម័នធម្មជាតិរាវ(LNG) ២គ្រឿងរបស់កាតា ដែលបានធ្វើដំណើរទៅកាន់ច្រកសមុទ្រ Hormuz ត្រូវបានបញ្ឈប់ដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់កាលពីព្រឹកថ្ងៃចន្ទ ។
ប្រភពមួយដែលនិយាយពីកិច្ចព្រមព្រៀង ហើយនិងសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា អ៊ីរ៉ង់អនុញ្ញាតឲ្យនាវាធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ក្រោមកិច្ចព្រមព្រៀងដែលបានឈានជាមួយសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន តាមរយៈការសម្របសម្រួលពីប៉ាគីស្ថាន ។

ទិន្នន័យតាមដានផ្លូវដឹកជញ្ជូនបង្ហាញថា នាវាទាំង ២គ្រឿងនេះ បានស្ថិតនៅជិតតំបន់ឆ្នេរអារ៉ាប់រួម កាលពីល្ងាចថ្ងៃចន្ទ ហើយមិនបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz នោះទេ ។
នាវា Al Daayen និងនាវា Rasheeda បានផ្ទុកឧស្ម័ន LNG ពីទីក្រុងឧស្សាហកម្ម Ras Laffan របស់កាតា ។ នាវាទាំង ២គ្រឿងនេះ បានធ្វើដំណើរទៅទិសខាងកើត ឆ្ពោះទៅកាន់ច្រកសមុទ្រ ប៉ុន្តែបានបកត្រឡប់ក្រោយវិញកាលពីព្រឹកថ្ងៃចន្ទ ៕
