
សៀមរាប៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៖
- សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមខេត្តសៀមរាបជាតារារះនៅទិសឧត្តរ ខណៈនៅខេត្តទឹកដីអង្គរមួយនេះ បានកំពុងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី និងផ្លូវថ្មីដ៏ស្រស់ស្អាតរហូតដល់៣៨ខ្សែ និងសមិទ្ធផលជាច្រើនទៀត។
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជាពិតជាមានសំណាង ដែលមានទំនាក់ទំនងដ៏ល្អគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន ខណៈមិត្តចិនបានជួយដល់កម្ពុជា ជាច្រើនស្ទើរគ្រប់វិស័យ។
- សម្តេចតេជោ ហ៊ុន សែន បានរំលឹកថានៅខេត្តសៀមរាប គឺជាតំបន់អតីតសមរភូមិក្តៅតែបច្ចុប្បន្ននេះខេត្តអង្គរមួយនេះបានក្លាយទៅជាខេត្តដ៏ស្រស់ស្អាត មានការអភិវឌ្ឍ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកាន់តែច្រើន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនជាការចៃដន្យនោះទេ ចំពោះការអភិវឌ្ឍនៅខេត្តសៀមរាប គឺវាបានកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាល តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ។
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសពង្រីកផ្លូវជាតិលេខ៦ ឲ្យកាន់តែធំបន្ថែមទៀត ពោលគឺរហូតដល់៤គន្លង ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងកុំឲ្យមានការកកស្ទះ។
- សម្តេចតេជោ ហ៊ុន សែន សង្ឈឹមថា ក្រុមអ្នកវិភាគមួយក្តាប់តូច ដែលតែងតែវិភាគឆ្កួតៗនាពេលកន្លងទៅ សូមកុំវិភាគថា ព្រលានយន្តហោះថ្មីដែលបានកំពុងសាងសង់ឡើងនៅខេត្តសៀមរាប ដោយក្រុមហ៊ុនចិននេះ គឺជាការពង្រឹងនូវមូលដ្ឋានកងទ័ពចិននៅកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាមិនល្ងង់ដល់ថ្នាក់ឲ្យកងទ័ពបរទេសធ្វើការបោះតង់នៅលើទឹកដីរបស់ខ្លួនខុសនឹងច្បាប់រដ្ឋធម្មនុញ្ញនោះទេ។ យោធាបរទេសអាចនៅស្រុកខ្មែរបាន គឺក្នុងនាមជាអនុព័ន្ធយោធាប៉ុណ្ណោះ។
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រកាសថា សម្រាប់ព្រលាយន្តហោះថ្មីនៅខេត្តសៀមរាបពេលសាងសង់រួច នឹងយាងព្រះមហាក្សត្រឲ្យយាងចុះចតមុនគេ។