មន្ត្រីបានប្រាប់ឲ្យដឹងថា ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង ២ នៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) នេះ បានសម្លាប់មនុស្ស ៧នាក់ និងបណ្ដាលឲ្យមនុស្សជាង ២០នាក់ផ្សេងទៀតរងរបួស ដោយទីក្រុងគីវចោទប្រកាន់ទីក្រុងមូស្គូថា បានបង្កើនការវាយប្រហារជំនួសឲ្យការយល់ព្រមលើបទឈប់បាញ់បុណ្យ Easter ។
យានដ្រូន FPV តូចមួយរបស់រុស្ស៊ី បានហោះបំបុករថយន្តក្រុងមួយគ្រឿងដែលកំពុងចូលកៀកចំណតមួយ នៅកណ្តាលទីក្រុង Nikopol។ នេះបើយោងតាមលោក Oleksandr Ganzha អភិបាលតំបន់ Dnipropetrovsk ភាគខាងកើត ដែលបានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram។
ចំណែកប្រធានាធិបតី លោក Volodymyr Zelenskiy បាននិយាយថា មនុស្ស ៤នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ១៦នាក់ បានរងរបួស។ តាមរយៈសំណេរនៅលើបណ្ដាញសង្គម X លោកបានរៀបរាប់ថា៖ «នៅពេលដែលភេរវកម្មបែបនេះ ប្រឆាំងនឹងមនុស្ស និងជីវិត កើតមានឡើងជារៀងរាល់ថ្ងៃ ការរារាំងទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ី ការព្យាយាមធ្វើឲ្យខ្សោយដល់ទណ្ឌកម្មដែលមានស្រាប់ និងការធ្វើជំនួញជាមួយរុស្ស៊ី ទាំងអស់នេះមើលទៅដូចចម្លែកណាស់»។
រូបភាពពីគេហទំព័រ ដែលលោកបានចែករំលែក បានបង្ហាញឲ្យឃើញរថយន្តក្រុងមួយគ្រឿងដែលឆេះ ដោយបង្អួចបែកខ្ទេចខ្ទី។ ហើយមានសាកសពមនុស្ស ៣នាក់នៅលើចិញ្ចើមផ្លូវក្បែរនោះ ខណៈពេលដែលអ្នកជួយសង្គ្រោះកំពុងជួយអ្នករងរបួស។
មន្ត្រីអ៊ុយក្រែន និងអង្គការសិទ្ធិមនុស្ស បានចោទប្រកាន់កងទ័ពរបស់ទីក្រុងមូស្គូថា វាយប្រហារដោយយានដ្រូន FPV ដោយចេតនា និងជាប្រព័ន្ធ លើជនស៊ីវិល ជាពិសេសនៅតំបន់ Kherson៕