នាវាដឹកយន្តហោះចម្បាំង Charles de Gaulle របស់បារាំងដែលដាក់ពង្រាយទៅកាន់សមុទ្រមេឌីទែរ៉ាណេកាលពីខែមីនា បានចាកចេញពីមូលដ្ឋានទ័ពជើងទឹករបស់អង្គការណាតូ ស្ថិតក្នុងប្រទេសក្រិក នាថ្ងៃអង្គារនេះ ។
យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា នាវាដឹកយន្តហោះនេះ បានស្ថិតក្នុងមូលដ្ឋានជើងទឹកប្រទេសក្រិក រយៈពេលប៉ុនា្មនថ្ងៃ ហើយនិងបានឈប់សំចតទីនោះ ដើម្បីចាក់ប្រេង ។
បារាំង បានដាក់ពង្រាយនាវាកងទ័ពជើងទឹកជាច្រើនគ្រឿង រួមទាំងនាវាដឹកយន្តហោះទៅកាន់សមុទ្រមេឌីទែរ៉ាណេ និងសមុទ្រក្រហម ចាប់តាំងពីខែមីនារហូតមក ដែលជាផ្នែកមួយនៃការគាំទ្រការពារជាតិដល់សម្ព័ន្ធមិត្តរបស់ខ្លួនដែលរងការគំរាមកំហែងដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើដំណើរទៅលេងទាហាននៅលើនាវា Charles de Gaulle កាលពីថ្ងៃទី ៩ ខែមីនា ពេលដែលវាស្ថិតនៅជិតតំបន់ឆ្នេរកោះ Crete របស់ក្រិក ។
មូលដ្ឋានទ័ព Souda Bay គឺជាជាមូលដ្ឋានទ័ពជើងទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយរបស់អង្គការណាតូ សម្រាប់សហរដ្ឋអាមេរិក ។ នាវាយោធាជាច្រើនគ្រឿង បានធ្វើដំណើរមកដល់តំបន់នេះ ចាប់តាំងពីជម្លោះចាប់ផ្តើម រួមទាំងនាវាផ្ទុកយន្តហោះចម្បាំង USS Gerald R. Ford ផងដែរ ៕