បាល់ទាត់៖ ខ្សែប្រយុទ្ធប៉ូឡូញ Roberto Lewandowski នៅតែបន្តរកគ្រាប់បាល់បាន ខណៈ Bayern Munich យកឈ្នះ Lazio ជើងទីពីរ ២-១ ឡើងវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League លើកទី១៩ ក្នុងប្រវត្តិសាស្ត្រក្លិប។

អតីតខ្សែប្រយុទ្ធ Dortmund, Lewandowski ស៊ុតបើកការនាំមុខនៅនាទីទី៣៣ ដោយបាល់ ១១ម៉ែត្រមុនពេលដែលកីឡាករបម្រុង Eric Maxim Choupo-Moting បន្ថែម ១គ្រាប់ទៀតនៅវគ្គទី២។ Lazio តបបាន ១គ្រាប់វិញនៅនាទីទី៨២ ដោយ Marco Parolo តែមិនគ្រប់គ្រាន់ឡើយដោយបញ្ចប់ការប្រកួតទៅ Bayern Munich យកឈ្នះ ២-១ ក្នុងជើងទី២ នេះ និងសរុបទាំងពីរជើង ៦-២។ ជ័យជំនះនេះធ្វើឲ្យ Bayern Munich មិនទាន់ស្គាល់ចាញ់ឡើយនៅក្នុងទឹកដីរបស់ខ្លួន ៣១ប្រកួតជាប់គ្នាគ្រប់ក្របខណ្ឌ។
Bayern Munich ក៏បានក្លាយជាក្លិបដែលឈានឡើងវគ្គ ៨ក្រុមចុងក្រោយ Champions League ច្រើនដងជាងគេដែរសរុប ១៩លើក។ ១គ្រាប់របស់ Lazio យប់មិញដោយ Marco Parolo ក្នុងវ័យ ៣៦ឆ្នាំ ៥១ថ្ងៃគឺជាកីឡាករដែលមានវ័យចំណាស់បំផុតទី៣ ដែលស៊ុតបញ្ចូលទីនៅក្នុងវគ្គចាញ់ធ្លាក់ Champions League បន្ទាប់ពី Paulo Maldini វ័យ ៣៦ឆ្នាំ ៣៣៣ថ្ងៃ និង Ryan Giggs វ័យ ៣៧ឆ្នាំ ១៤៨ថ្ងៃ៕
អត្ថបទ៖នាង សុភាវុធ