
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអះអាងថា កម្ពុជាមិនល្ងង់ដែលឲ្យកងទ័ពបរទេសធ្វើការបោះតង់នៅលើទឹកដីរបស់ខ្លួន ខុសនឹងច្បាប់រដ្ឋធម្មនុញ្ញនោះទេ ប៉ុន្តែយោធាបរទេសដែលអាចនៅស្រុកខ្មែរបានគឺក្នុងនាមជាអនុព័ន្ធយោធាប៉ុណ្ណោះ។
ថ្លែងនៅក្នុងឱកាស អញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាមានការធុញទ្រាន់ចំពោះក្រុមអ្នកវិភាគទាំងខ្មែរ និងបរទេស ទាក់ទងនឹងវត្តមានកងទ័ពចិននៅកម្ពុជា បើទោះបីជារាជរដ្ឋាភិបាលបានឆ្លើយតបច្រើនលើកច្រើនសារមកហើយនោះ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានសង្ឈឹមថា ក្រុមអ្នកវិភាគមួយក្តាប់តូចទាំងពួកបរទេស និងខ្មែរ ដែលតែងតែវិភាគឆ្កួតៗនាពេលកន្លងទៅ សូមកុំវិភាគថា ព្រលានយន្តហោះថ្មីដែលបានកំពុងសាងសង់ឡើងនៅខេត្តសៀមរាបដោយក្រុមហ៊ុនចិននេះ គឺជាការពង្រឹងនូវមូលដ្ឋានកងទ័ពចិននៅកម្ពុជាបន្តទៀត ខណៈព្រលានថ្មីនេះគឺធ្វើឡើងដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ តំបន់ទឹកដីអង្គរនេះឲ្យកាន់តែច្រើនឡើងបន្ថែមទៀតតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា នាពេលកន្លងមកនេះមានប្រទេសមហាអំណាច និងក្រុមអ្នកវិភាគមួយក្តាប់តូច បានធ្វើការវិភាគ និងចោទប្រកាន់ដដែលជាដដែលដោយគ្មានមូលដ្ឋានច្បាស់លាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យកងទ័ពចិនដាក់មូលដ្ឋានទ័ពនៅលើទឹកដីរបស់ខ្លួន ជាពិសេសនៅតាមតំបន់សមុទ្រកម្ពុជាតែម្តង។ ប៉ុន្តែកម្ពុជាបានចាត់ទុកដា ការវិភាគ និងការចោទប្រកាន់របស់ពួកទាំងនោះគឺធ្វើឡើងគ្មាន ហេតុផលច្បាស់លាស់ និងដើម្បីភូមិសាស្រ្តនយោបាយតែប៉ុណ្ណោះ៕



