អនុប្រធានាធិបតីអាមេរិក លោក JD Vance នៅថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកោះ Kharg របស់អ៊ីរ៉ង់ មិនមែនជាការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់អាមេរិកនោះទេ ខណៈដែលមន្ត្រីអាមេរិកម្នាក់ បានប្រាប់សារព័ត៌មាន Reuters ដោយឡែកថា ការវាយប្រហារបន្ថែមលើគោលដៅយោធា មិនបានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធប្រេងនោះទេ។
មន្ត្រីរូបនេះ ដែលបាននិយាយទៅកាន់សារព័ត៌មាន Reuters ដោយសុំមិនបញ្ចេញឈ្មោះ បានពិពណ៌នាអំពីការវាយប្រហារយ៉ាងហោចណាស់មួយចំនួនថា ជាការវាយប្រហារកំណត់គោលដៅទីតាំងដែលត្រូវបានវាយប្រហារពីមុន ហើយបានបន្ថែមថា ការវាយប្រហារនេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃអង្គារនេះ។
លោក Vance ដែលថ្លែងដោយឡែកពីនៅទីក្រុង Budapest ប្រទេសហុងគ្រី បាននិយាយថា ការវាយប្រហារទាំងនេះ មិនមែនជាការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកទេ ដោយរដ្ឋបាលលោកប្រធានាធិបតី Donald Trump មានទំនុកចិត្តថា ខ្លួនអាចទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ត្រឹមម៉ោង 8យប់ (ត្រូវនឹងម៉ោង ០០:០១នាទី ម៉ោងសកល នាថ្ងៃពុធ) ក្នុងការចរចា ដើម្បីបញ្ចប់ជម្លោះ។
លោក Donald កំពុងទាមទារឲ្យអ៊ីរ៉ង់បោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវទឹកដឹកជញ្ជូនប្រេងដ៏សំខាន់។
គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មាន Mehr បានរាយការណ៍ថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើក នៅលើកោះ Kharg ដែលបណ្តាលឲ្យមានការផ្ទុះជាច្រើន។ មិនទាន់មានព័ត៌មានលម្អិត អំពីអ្នកស្លាប់ និងរបួស ឬការខូចខាតនៅឡើយទេ៕