ប្រភពព័ត៌មានប៉ាគីស្ថានចំនួន ២ ដែលបានដឹងពីការពិភាក្សា បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) នេះថា កិច្ចប្រឹងប្រែង ដើម្បីសម្រួលដល់ការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្ត ខណៈដែលការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ មានកាន់តែខ្លាំងឡើង ហើយថ្ងៃផុតកំណត់របស់ប្រធានាធិបតី លោក Donald Trump ក្នុងការធ្វើឲ្យមានស្ថានភាពដូច «ឋាននរក» បានជិតមកដល់ហើយ។
ប្រភពមួយដែលជាមន្ត្រីសន្តិសុខជាន់ខ្ពស់ បាននិយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់ លើអារ៉ាប៊ីសាអ៊ូឌីត បានគំរាមកំហែងធ្វើឲ្យការចរចាររអាក់រអួល។ ប្រភពនេះបានបញ្ជាក់ថា ប្រសិនបើជម្លោះកើនឡើង ប៉ាគីស្ថាន នឹងឈរជាមួយអារ៉ាប៊ីសាអ៊ូឌីត ក្រោមកតិកាសញ្ញាការពារជាតិ។
ចំណែកប្រភពទី២ បានឲ្យដឹងថា អ៊ីរ៉ង់កំពុង «ស្ថិតនៅក្នុងស្ថានភាពមានហានិភ័យ» ហើយថា រយៈពេលប៉ុន្មានម៉ោងបន្ទាប់ គឺមានសារៈសំខាន់ណាស់ សម្រាប់អនាគតនៃការសន្ទនា។
ប៉ាគីស្ថាន គឺជាចំណុចកណ្តាលនៃការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់ សម្រាប់សំណើដែលចែករំលែកដោយភាគីទាំង២ ប៉ុន្តែមិនមានសញ្ញានៃការសម្របសម្រួលណាមួយឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា សារនៅតែត្រូវបានផ្លាស់ប្តូរ តាមរយៈអ្នកសម្របសម្រួល៕