
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News
សៀមរាប៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រសិទ្ធនាមខេត្តសៀមរាបជាតារារះនៅទិសឧត្តរ ក្រោយពីបានសាងសង់ផ្លូវខ្វាត់ខ្វែងថ្មីដ៏ស្រស់ស្អាតរហូតដល់ ៣៨ខ្សែរួចជាស្ថាពរ និងបានកំពុងសាងសង់ព្រលាយន្តហោះថ្មី និងសមិទ្ធផលជាច្រើនទៀតនោះ។
ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខេត្តសៀមរាប គឺជាតំបន់អតីតសមរភូមិក្តៅតែបច្ចុប្បន្ននេះខេត្តអង្គរមួយនេះបានក្លាយទៅជាខេត្តដ៏ស្រស់ស្អាត មានការអភិវឌ្ឍ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកាន់តែច្រើន ហើយមួយវិញទៀតការរីកចំរើន នៃខេត្តនេះមិនមែនជាការចៃដន្យនោះទេ គឺវាបានកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលតាមរយៈគោលនយោបាយឈ្នះ ឈ្នះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមផងដែរថា ការដែលសម្តេចប្រសិទ្ធនាមខេត្តសៀមរាបជាតារារះនៅទិសឧត្តរ គឺដោយសារតែខេត្តនេះនាពេលបច្ចុប្បន្នមានវឌ្ឍនភាពជាច្រើន ដែលបានតភ្ជាប់ជាមួយរាជធានីភ្នំពេញ ជាពិសេស គឺព្រលានយន្តថ្មីដែលបានកំពុងសាងសង់នាពេលនេះតែម្តង។ មួយវិញទៀតខេត្តសៀមរាបមិនត្រឹមតែទាក់ទាញនូវភ្ញៀវទេសចរបរទេស និងអគាររីកស្គុះស្គាយកាន់តែច្រើនប៉ុណ្ណោះទេ វាបានទាក់ទាញអ្នកវិនិយោគបរទេសកាន់តែច្រើនផងដែរ៕


