តម្លៃប្រេងបានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជិតប្រាំមួយឆ្នាំ ហើយភាគហ៊ុនបានកើនឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដោយផ្តល់ឱ្យទីផ្សារនូវភាពធូរស្រាលពីភាពចលាចលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា។

ប្រេងឆៅ West Texas Intermediate បានធ្លាក់ចុះដល់ទៅ១៩% បន្ទាប់ពីលោកTrump បានយល់ព្រមផ្អាកការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ក្នុងចំណាត់ការមួយដែលនឹងជួយបន្តលំហូរប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។ អ៊ីរ៉ង់បាននិយាយថា ការឆ្លងកាត់ដោយសុវត្ថិភាពតាមផ្លូវទឹកនឹងអាចធ្វើទៅបានក្នុងអំឡុងពេលនោះ។ ចំណែកប្រេងឆៅ Brent របស់អាមេរិកដែរនោះ បានធ្លាក់ចុះដល់ទៅ១៦%។
សន្ទស្សន៍ភាគហ៊ុនរបស់ MSCI នៅអាស៊ី បានកើនឡើង២,៦% ហើយសន្ទស្សន៍ភាគហ៊ុន Wall Street របស់អាមេរិក បានកើនឡើងជាង២% ខណៈពាណិជ្ជករជឿជាក់ថា តម្លៃប្រេងទាបនឹងជួយទប់ស្កាត់អតិផរណា និងស្តារកំណើនសេដ្ឋកិច្ចឡើងវិញ។តម្លៃភាគហ៊ុនអឺរ៉ុបបានកើនឡើង៥%។ សន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ចុះ០,៦% ខណៈប័ណ្ណបំណុលបានកើនឡើង ស្របពេលពាណិជ្ជករបានបន្ថែមការជឿជាក់លើការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារសហព័ន្ធ។
នៅជ្រុងផ្សេងទៀតនៃទីផ្សារ មាសបានកើនឡើងរហូតដល់ ៣,១% លើសពី៤.៨៥០ ដុល្លារក្នុងមួយអោន ខណៈមាសដុំ ដែលជាទ្រព្យសកម្ម ជាធម្មតាទទួលបានអត្ថប្រយោជន៍នៅក្នុងសេណារីយ៉ូអត្រាការប្រាក់ទាប។
តម្លៃភាគហ៊ុន S&P 500 បានកើនឡើង ២,១% គិតត្រឹមម៉ោង៩:៤១នាទីព្រឹក ម៉ោងនៅទីក្រុងតូក្យូ ហើយតម្លៃភាគហ៊ុន Hang Seng មិនមានការផ្លាស់ប្តូរទេ ខណៈភាគហ៊ុន Nikkei 225 (OSE) បានកើនឡើង ៤,២% ទន្ទឹមនឹងភាគហ៊ុន Topix របស់ជប៉ុនបានកើនឡើង ២,៩% ភាគហ៊ុន S&P/ASX 200 របស់អូស្ត្រាលីបានកើនឡើង២,៦ % ៕


