ប្រជាជនអ៊ីរ៉ង់មួយចំនួន បានដាក់ការសង្ស័យជុំវិញបំណងនៃបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ទី ៧ ខែមេសា ថា លោកបានព្រមព្រៀងផ្អាកការប្រយុទ្ធជាមួយអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍។

ការប្រកាសរបស់លោក ត្រាំ បានធ្វើឡើងតិចជាងពីរម៉ោងមុនកាលបរិច្ឆេទផុតកំណត់របស់លោកនៅថ្ងៃពុធ ទី៨ ខែមេសានេះសម្រាប់ទីក្រុងតេអេរ៉ង់ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ បើមិនដូច្នេះទេត្រូវប្រឈមនឹងការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ខ្លួន។

ពលរដ្ឋទីក្រុងតេអេរ៉ង់ បាននិយាយនៅព្រឹកព្រលឹមថ្ងៃពុធនេះថា ចំណាត់ការនេះមានបំណងសម្រាប់សហរដ្ឋអាមេរិកដើម្បីប្រមូលផ្តុំក្រុមឡើងវិញ និង «ពន្យាពេលវេលាសម្រាប់អ៊ីស្រាអែល»។
ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានចាត់ទុកកិច្ចព្រមព្រៀងនេះថាជាជ័យជម្នះលើសហរដ្ឋអាមេរិក ដោយអះអាងថា លោក ត្រាំ បានទទួលយកលក្ខខណ្ឌរបស់អ៊ីរ៉ង់សម្រាប់ការបញ្ចប់អរិភាព។
ក្នុងការឆ្លើយតប អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា «ការពិតគឺថា លោកប្រធានាធិបតី ត្រាំ និងយោធាដ៏មានឥទ្ធិពលរបស់យើង បានធ្វើឱ្យអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញ ហើយការចរចានឹងបន្ត»។