អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Mark Rutte នឹងធ្វើទស្សនកិច្ចទៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃពុធ ទី៨ ខែមេសានេះ សម្រាប់អ្វីដែលអ្នកនាំពាក្យរបស់សម្ព័ន្ធយោធានេះហៅថា «ដំណើរទស្សនកិច្ចតាមការគ្រោងទុកជាយូរមកហើយ» ដែលធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់ខ្លាំងៗលើសម្ព័ន្ធមិត្តអឺរ៉ុបជុំវិញការខ្វែងគំនិតគ្នាសង្គ្រាមនៅអ៊ីរ៉ង់។

លោក Trump បាននិយាយថា លោកកំពុងពិចារណាដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធយោធាលោកខាងលិច ដោយសារតែការបដិសេធរបស់សមាជិកអឺរ៉ុបក្នុងការបញ្ជូននាវាដើម្បីបើកច្រកសមុទ្រ Hormuz។ លោកស្រី Constanze Stelzenmüller នាយកមជ្ឈមណ្ឌលសហរដ្ឋអាមេរិកនិងអឺរ៉ុប នៅវិទ្យាស្ថាន Brookings ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Rutte ដើម្បីជួបលោក Trump ទំនងជាមានបំណង «រក្សាការសន្ទនាឱ្យនៅបើកចំហដើម្បីធានាថា អឺរ៉ុបមិនធ្លាក់ចេញទាំងស្រុងពីផែនទី» របស់រដ្ឋបាលលោក Trump នោះទេ។

ដំណើរទស្សនកិច្ចនេះ ក៏មានគោលបំណងធានាថាសហរដ្ឋអាមេរិក បំពេញតាមការសន្យារបស់ខ្លួនក្នុងការបន្តលក់អាវុធទៅឱ្យអឺរ៉ុបដើម្បីប្រគល់បន្តទៅឱ្យអ៊ុយក្រែន។ លោកស្រី Stelzenmüller និយាយថា វា «មិនទំនងនោះទេ» ដែលលោក Trump នឹងដកខ្លួនចេញពីសម្ព័ន្ធយោធាណាតូជាផ្លូវការ។ លោកស្រី ក៏បាននិយាយផងដែរថា សម្ព័ន្ធយោធាណាតូ ពុំមានកាតព្វកិច្ចទៅជួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមនៅអ៊ីរ៉ង់ទេ ជាពិសេសនៅពេលដែលសំណើផ្លូវការមិនទាន់ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាអាត្លង់ទិកខាងជើង។ ទោះជាយ៉ាងណា លោកស្រីបាននិយាយថា សម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនបានអនុញ្ញាតឱ្យប្រើប្រាស់ទាំងមូលដ្ឋានយោធារបស់ពួកគេនិងផ្តល់សិទ្ធិហោះហើរឆ្លងកាត់ដល់សហរដ្ឋអាមេរិក ដែលផ្ទុយពីអ្នកទាំងឡាយដែលនិយាយថា អឺរ៉ុបកំពុងច្រានចោលមិនជួយធ្វើប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់។ នៅក្នុងសុន្ទរកថាទៅកាន់សម្ព័ន្ធមិត្តដែលបានជួបជុំគ្នាសម្រាប់ពិធីទទួលទានអាហារក្នុងពីធីបុណ្យ Easter នៅសេតវិមាន លោក Trump បានរិះគន់ប្រទេសបារាំង និងចក្រភពអង់គ្លេស ក្នុងចំណោមសម្ព័ន្ធមិត្តអាមេរិកផ្សេងទៀត ថាជា «ខ្លាក្រដាស»។