បន្ទាយមានជ័យ: ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញសំណេះសំណាលជាមួយអតូតយុទ្ធជនខេត្តបន្ទាយមានជ័យចំនួនជាង ៤០០នាក់ ជាប្រភេទក១ និងក២។
ក្នុងឱកាសនោះ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែបន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនគ្រប់រូបជាប្រចាំ។
ឯកឧត្តមបញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះមុខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សំខាន់បំផុតជូនអតីតយុទ្ធជននោះគឺការបង្កេីនប្រាក់ ឬបៀវត្សរ៍ជូនអតីតយុទ្ធជនដែលមានថវិកាទាប ឲ្យទទួលបានថវិកាច្រើនជាងមុន ក្រោយពីរាជរដ្ឋាភិបាលបានផ្អាកការដំឡេីងប្រាក់បៀវត្សរ៍រយៈពេល២ឆ្នាំកន្លងទៅ ដោយសារវិបត្តិកូវីដ-១៩។
ឯកឧត្តម គន់ គីម បានផ្តាំផ្ញើដល់អតីតយុទ្ធជនទាំងអស់បន្តអនុវត្តវិធានការសុខាភិបាល និងការចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា។ អត្ថបទ សេក ឧត្តម



