សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានជូនដំណឹងនឹងរៀបចំឲ្យមានការប្រកួតលីគយុវជនអាយុក្រោម ១៤ឆ្នាំមួយកម្រិតទៀត ដែលគ្រោងនឹងដំណើរការប្រកួតនាកំឡុងខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។
ប្រភពដដែលបញ្ជាក់ថា បេក្ខភាពដែលអាចចូលរួមប្រកួតជើងឯកលីគយុវជនអាយុក្រោម ១៤ឆ្នាំនេះ គឺជាក្រុមមានទីតាំងនៅរាជធានីភ្នំពេញ និងតំបន់ដែលនៅជុំវិញ។
តាមរយៈនេះ សហព័ន្ធបានជូនដំណឹងដល់សមាគម/ក្លិបទាំងអស់ អាចចុះឈ្មោះចូលរួមបាន ដោយសហព័ន្ធចាប់ផ្ដើមទទួលពាក្យពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ។ ចំពោះកីឡាករ ត្រូវមានអាយុក្រោម ១៤ឆ្នាំ ឬកើតនៅក្នុងឆ្នាំ២០១២-២០១៣។
នេះគឺជាការបើកទំព័រថ្មីមួយទៀត សម្រាប់សហព័ន្ធក្នុងការរៀបចំការប្រកួតកម្រិតយុវជន ដើម្បីលើកកម្ពស់ធនធានបន្ដវេន ក្រោយទទួលបានជោគជ័យក្នុងការប្រកួតជើងឯកលីគយុវជនអាយុក្រោម ១៦ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំឆ្នាំ នាប៉ុន្មានឆ្នាំចុងក្រោយ។
គេជឿថា ការបន្ថែមនូវលីគយុវជន U14 ពេលនេះ ស្របទៅនឹងប្រសាសន៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានលើកឡើងក្នុងមហាសន្និបាតកាលពីថ្មីៗ ក្នុងការពង្រឹងថ្នាលបាល់ទាត់តាមរាជធានី-ខេត្ត ជាមួយការបង្កើននូវប្រព័ន្ធប្រកួតឲ្យមានស្ថិរភាពជាដើម សម្ដៅឈានទៅពង្រឹងបាននូវធនធានកីឡាករប្រកបដោយសក្ដានុពល ក៏ដូចជាពង្រឹងក្រុមជម្រើសជាតិកម្ពុជាឲ្យបានខ្លាំងគ្រប់កម្រិតនាថ្ងៃអនាគត៕ អត្ថបទ លី ឈុនឡា










