ខ្សែការពារអង់គ្លេស Harry Maguire បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីបន្តនៅជាមួយ Manchester United មួយឆ្នាំទៀត ជាមួយនឹងលក្ខខណ្ឌបន្តបន្ថែម។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះមានកិច្ចសន្យាដែលមានសុពលភាពត្រឹមដំណាច់រដូវកាលនេះ តែសម្រេចចិត្តបន្តនៅទឹកដី Old Trafford ជាមួយនឹងការកាត់បន្ថយប្រាក់ឈ្នួលនៅក្នុងកិច្ចសន្យាថ្មី។
Harry Maguire បានមកដល់ Manchester United កាលពីឆ្នាំ ២០១៩ ក្នុងតម្លៃផ្ទេរ ៨០ លានផោនពី Leicester City ក្នុងកំណត់ត្រាផ្ទេរខ្សែការពារតម្លៃបំផុតម្នាក់។
តាំងពីពេលនោះមក Maguire បង្ហាញខ្លួនឱ្យបិសាចក្រហមបាន ២៦៦ ប្រកួតឈ្នះជើងឯក League Cup និង FA Cup។
រំលឹកថា Harry Maguire បានទទួលតំណែងប្រធានក្រុមតាំងពីពេលមកដល់បានត្រឹម ៥ ខែនៅពេលក្លិបក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer តែក្រោយមកក៏ទទួលរងការរិះគន់។
Maguire ក្រោយមកក៏បានធ្លាក់នៅក្រៅជម្រើស ១១ នាក់ដំបូងក្រោមការដឹកនាំរបស់លោក Erik ten Hag និងត្រូវបានដកតំណែងប្រធានក្រុមនៅខែកក្កដាឆ្នាំ ២០២៣។
Maguire ក៏មិនមានឱកាសលេងបាល់ក្រុមដំបូងដែរក្រោមការដឹកនាំរបស់លោក Ruben Amorim មុនពេលដែលបង្ហាញខ្លួនគ្រប់ទាំង ១០ ប្រកួតក្រោមការដឹកនាំបណ្តោះអាសន្នរបស់លោក Michael Carrick នាពេលបច្ចុប្បន្ន៕
អត្ថបទ៖នាង សុភាវុធ


