កំពង់ធំ៖គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជំងឺ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន សណ្តាន់។
ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណាយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានគណៈកម្មការទី៧រដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៣៧៦នាក់ ចុះអប់រំផ្សព្វផ្សាយបង្ការកូវីដ-១៩ កំពុងរៀនរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី វិធានការសុខាភិបាល ៣ការពារ ៣កុំ សង្គ្រោះបឋម ព្រមទាំងនាំយកអំណោយថ្នាំពេទ្យ ម៉ាស់ អាល់កុល រួមទាំងស្បៀងអាហារមានជានំប៉័ង និងទឹកសុទ្ធ ចុះពិនិត្យ ព្យាបាលជំងឺ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន ៤,៧៧៦នាក់ ស្រី៣,១៦៨នាក់ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយសហការជាមួយឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ តំណាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ធំ ឯកឧត្តម ញិក បានខេង អភិបាលរងខេត្តកំពង់ធំ ឯកឧត្តម ជា វ៉ាន់ចាន់ ស.ស.យ.ក ខេត្តកំពង់ធំ ឯកឧត្តម វេជ្ជបណ្ឌិត ស្រី ស៊ីន អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តកំពង់ធំ និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ និងអាជ្ញាធរដែលពាក់ព័ន្ធ។
ឯកឧត្តម លេង ផាលី បានថ្លែងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ជាតិនិងមាតុភូមិរបស់យើង ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋភិបាល។ ទន្ទឹមនឹងនោះ ការងារមនុស្សធម៌ចុះជួយប្រជាពលរដ្ឋជារៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញផ្ទាល់ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ដែលលោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកគ្រប់កាលទេសៈ។ បើយើងក្រឡេកមើល កម្ពុជាពីអតីតកាលជាប្រទេសមួយដែលឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង រងនូវការបំផ្លិចបំផ្លាញស្ទើរគ្មានសេសសល់ឡើយ។តែបច្ចុប្បន្នកម្ពុជា ជាប្រទេសមួយដែលពោរពេញទៅដោយសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែប្រើប្រាស់ឱកាស នៃការបានជ្រកក្រោមម្លប់នៃសន្តិភាពនេះ ដើម្បីបានចូលរួមជាមួយរាជរដ្ឋាភិបាល នេះគឺជាគុណូបការៈដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចបានខិតខំពុះពារជំនះរាល់ការលំបាកទាំងឡាយ ក្នុងបុព្វហេតុការពារ និងកសាងមាតុភូមិ ដែលប្រជាជនកម្ពុជា បានចងចាំ និងដឹងគុណជានិច្ចឥតបំភ្លេចបានក្នុងក្រអៅបេះដូង។
ជាមួយគ្នានោះដែរ ឯកឧត្តម សៅ សុភាព និងឯកឧត្តម ញិក បានខេង បានកោតសរសើរវាយតម្លៃខ្ពស់ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលមានគ្រូពេទ្យមានបទពិសោធន៍ល្អ ក្នុងនិងក្រៅប្រទេសមានសម្ភារបរិក្ខាវេជ្ជសាស្រ្តទំនើបៗ របៀបរបបធ្វើការល្អមានគុណភាព ថែមទាំងបានលះបង់ទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋជាតិនិងមាតុភូមិរបស់យើងដោយមិនក្លាចពីការនឿយហត់ឡើយ។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ០២ មេសា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានចំនួន ៥,៦៧៩នាក់ បានចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន៥៥១លើក ក្នុងនោះព្យាបាលជំងឺជូនប្រជាពលបាន៥,៧៥៩,៥០៦នាក់ (ប្រាំលាន ចិតសិបប្រាំម៉ឺន ប្រាំបួនពាន់ ប្រាំរយ ប្រាំមួយនាក់)ផងដែរ៕ អត្ថបទ៖រដ្ឋា










