សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរលើកទី៣ នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ មានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦។

ឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) លើកឡើងក្នុងវេទិកាសារព័ត៌មាននៅថ្ងៃទី ៣ ខែមេសានេះ ថា ពិព័រណ៍ផលិតផលក្នុងស្រុកដែលជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំប្រចាំឆ្នាំនេះ ដែលមានស្តង់ជាង ៣០០ ចូលរួមតាំងបង្ហាញផលិតផលក្នុងស្រុកចម្រុះមុខ ដូចជា ផលិតផលចំណីអាហារ, គ្រឿងទេស និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ជាដើម។ ឧកញ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមើលការតាំងពិព័រណ៍ឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាប្រើប្រាស់ផលិតផលខ្មែរ។

សហគ្រាស ដែលនឹងចូលរួមតាំងពិព័រណ៍នេះ បានបង្ហាញជំនឿចិត្តថា ពិព័រណ៍ផលិតផលខ្មែរលើកទី៣នេះ នឹងកាន់តែមានសន្ទុះគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លាំងឡើង បន្ទាប់ពីទទួលបានជោគជ័យក្នុងការតាំងពិព័រណ៍ចំនួនពីរលើករួចមក។
ទាំង ប្រធាន FASMEC និងម្ចាស់សហគ្រាស បានអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋបន្តពហិកាផលិតនាំចូលពីប្រទេសថៃ ហើយងាកមកប្រើប្រាស់ផលិតផលខ្មែរ ដើម្បីឱ្យសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន៕ អត្ថបទ៖ ធូ វិរៈ
