ប្រមុខអង្គការណាតូ (NATO) លោក Mark Rutte នឹងធ្វើកិច្ចចរចាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់រយៈពេល ២សប្តាហ៍។

ប្រធានាធិបតីអាមេរិក បានសម្តែងការខឹងសម្បា ចំពោះការបដិសេធរបស់ដៃគូលោកខាងលិច ក្នុងការគាំទ្រសង្គ្រាមរបស់លោកលើអ៊ីរ៉ង់ ដែលធ្វើឲ្យសម្ព័ន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិកអាយុកាល ៧៧ឆ្នាំនេះរង្គោះរង្គើ។ លោក Trump បានហៅដៃគូអង្គការណាតូថា ជា «ក្រុមកំសាក» ចំពោះការរឹតត្បិតការចូលប្រើប្រាស់មូលដ្ឋានទ័ពរបស់កងកម្លាំងអាមេរិក នៅលើទឹកដីរបស់ពួកគេ និងចំពោះការបដិសេធមិនដឹកនាំកិច្ចប្រឹងប្រែង ដើម្បីបើកច្រកសមុទ្រ Hormuz។

ប៉ុន្តែអគ្គលេខាធិការអង្គការណាតូ បាននិយាយដោយមោទនភាពពីការបញ្ចុះបញ្ចូលឲ្យលោក Trump ព្រមមានប្រតិបត្តិការឡើងវិញ ហើយនឹងសម្លឹងដល់ការធ្វើដូច្នេះជាថ្មីម្តងទៀត នៅពេលដែលលោកជួបជាមួយប្រធានាធិបតីរូបនេះ ក៏ដូចជាអ្នកការទូតជាន់ខ្ពស់អាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth។
គួរបញ្ជាក់ថា អង្គការណាតូ ត្រូវបានរុញច្រានម្តងហើយម្តងទៀតចូលទៅក្នុងវិបត្តិ ចាប់តាំងពីលោក Trump បានវិលត្រឡប់ទៅកាន់អំណាចវិញ នៅឆ្នាំ២០២៥ ហើយធ្ងន់ធ្ងរបំផុត គឺការគំរាមកំហែងរបស់លោក ក្នុងការដណ្តើមគ្រប់គ្រងកោះ Greenland ដ៏ធំល្វឹងល្វើយពីប្រទេសដាណឺម៉ាក ដែលជាសមាជិករបស់សម្ព័ន្ធភាពយោធាជាមួយគ្នា៕