រដ្ឋាភិបាលប្រទេសកោះម៉ាដាហ្គាស្កា បានប្រកាសកាលពីថ្ងៃអង្គារអំពីស្ថានភាពគ្រាអាសន្នថាមពលនៅទូទាំងដែនដីទាំងមូលរយៈពេល១៥ថ្ងៃ ដើម្បីដោះស្រាយវិបត្តិផ្គត់ផ្គង់ថាមពលដ៏សំខាន់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ប្រទេសនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបានឲ្យដឹងថា ស្ថានភាពនេះគឺបណ្តាលមកពីផលវិបាកនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលបានរំខានដល់ការផ្គត់ផ្គង់ថាមពល និងសេវាសាធារណៈនៅប្រទេសម៉ាដាហ្គាស្កា។

រដ្ឋាភិបាលបាននិយាយថា ស្ថានភាពគ្រាអាសន្ននេះនឹងអនុញ្ញាតឱ្យមានការអនុវត្តវិធានការរហ័ស និងចំគោលដៅ ដើម្បីស្តារឡើងវិញការផ្គត់ផ្គង់ថាមពល ធានាបាននូវនិរន្តរភាពនៃសេវាសំខាន់ៗ និងរក្សាដំណើរការសមស្របនៃសេដ្ឋកិច្ចជាតិ។
សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា វិបត្តិថាមពលដែលកំពុងបន្តកើតមានក៏ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងស្ថិរភាពស្ថាប័នផងដែរ។
រដ្ឋាភិបាល បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកៀរគរធនធានចាំបាច់ទាំងអស់ ដើម្បីយកឈ្នះលើវិបត្តិនេះ និងកំណត់ផលប៉ះពាល់របស់វាទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។