ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) ថា សហរដ្ឋអាមេរិក បានទទួលបាន «ជ័យជម្នះទាំងស្រុង និងពេញលេញ» បន្ទាប់ពីយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ២សប្តាហ៍ ជាមួយប្រទេសអ៊ីរ៉ង់។

តាមរយៈការនិយាយតាមទូរស័ព្ទ លោក Trump បានប្រាប់ថា លោកជឿថា ប្រទេសចិនបានបញ្ចុះបញ្ចូលអ៊ីរ៉ង់ឲ្យចរចា ហើយបានបញ្ជាក់ថា សារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយរបស់ទីក្រុងតេអេរ៉ង់ នឹង «ត្រូវបានថែរក្សាយ៉ាងល្អបំផុត»។ មេដឹកនាំអាមេរិកហាក់ដូចជាមានសុទិដ្ឋិនិយម ជុំវិញបទឈប់បាញ់ជាមួយអ៊ីរ៉ង់នេះ។
គួរបញ្ជាក់ថា ភាគីទាំង ២ បានយល់ព្រមលើបទឈប់បាញ់ មួយម៉ោងមុនដល់កាលកំណត់របស់លោក Trump ក្នុងការលុបបំបាត់សាធារណរដ្ឋឥស្លាម ត្រូវផុត។ ហើយនៅពេលត្រូវបានសួរថា តើលោកកំពុងអះអាងពីជ័យជម្នះ ជាមួយនឹងបទឈប់បាញ់នេះដែរ ឬទេ លោក Trump បានប្រាប់សារព័ត៌មាន AFP តាមទូរស័ព្ទខ្លីថា៖ «វាគឺជាជ័យជម្នះទាំងស្រុង និងពេញលេញ។ ១០០ភាគរយ គ្មានអ្វីត្រូវសង្ស័យទេ»។
លោក Trump បានបន្ថែមថា៖ «យើងមានសំណើ ១៥ចំណុច ដែលភាគច្រើនត្រូវបានព្រមព្រៀងគ្នា។ យើងនឹងរង់ចាំមើលថា នឹងមានអ្វីកើតឡើង។ យើងនឹងរង់ចាំមើលថា តើវានឹងសម្រេចបានដែរ ឬអត់»។
ជាមួយគ្នានេះដែរ នៅក្នុងការប្រកាសមុននេះរបស់លោកលើបណ្តាញសង្គម Truth Social ប្រធានាធិបតីទៅពីគណបក្សសាធារណរដ្ឋរូបនេះ បាននិយាយថា អ៊ីរ៉ង់បានផ្តល់សំណើ ១០ចំណុច ដែល «អាចអនុវត្តបាន»៕
