នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បាននិយាយកាលពីថ្ងៃអង្គារថា ការរំខានដល់ការផ្គត់ផ្គង់សកលដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា បានបើកឱកាសពាណិជ្ជកម្មថ្មីៗសម្រាប់រុស្ស៊ី ប៉ុន្តែស្ថិរភាពតម្លៃនៅក្នុងទីផ្សារក្នុងស្រុក នៅតែជាអាទិភាពមួយ។
រុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំជាងគេទី២របស់ពិភពលោក នាំចេញស្រូវសាលីធំជាងគេ និងជាអ្នកផលិត និងនាំចេញជីដ៏សំខាន់ ត្រូវបានអ្នកជំនាញជាច្រើនមើលឃើញថា ជាអ្នកទទួលផលប្រយោជន៍សេដ្ឋកិច្ចដ៏សំខាន់មួយពីជម្លោះនេះ។

លោក Mishustin បានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលមួយថា៖«សម្រាប់ប្រទេសរបស់យើង ប្រសិនបើយើងពិចារណាទាំងស្រុងលើទិដ្ឋភាពសេដ្ឋកិច្ច ស្ថានភាពបច្ចុប្បន្នបង្កើតឱកាសថ្មីៗ ដើម្បីកែលម្អ ស្ថានភាពហិរញ្ញវត្ថុនៃឧស្សាហកម្មដែលផ្តោតលើការនាំចេញ និងផ្តល់ចំណូលថវិកាបន្ថែម»។
លោក Mishustin បាននិយាយថា៖«ប្រទេសរបស់យើងមានសមត្ថភាពបង្កើនការដឹកជញ្ជូនធនធានទៅក្រៅប្រទេសដែលបច្ចុប្បន្នខ្វះខាតដោយសារតែវិបត្តិមជ្ឈិមបូព៌ា ឬដែលអាចនឹងខ្វះខាតក្នុងពេលដ៏ខ្លីខាងមុខ រួមទាំងការផ្គត់ផ្គង់ទាក់ទងនឹងស្បៀងអាហារផងដែរ»៕
