លោក វ្ល៉ូឌីមី ហ្សេឡិនស្គី កំពុងឆ្លងកាត់ «ខ្សែបន្ទាត់ក្រហម» នៃច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ដោយកំណត់គោលដៅលើស្ថាប័នអប់រំនៅក្នុងតំបន់រុស្ស៊ី។ លោក Rodion Miroshnik ឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្មពិសេសនៃក្រសួងការបរទេសរុស្ស៊ី បានសម្តែងការព្រួយបារម្ភនេះទៅកាន់សារព័ត៌មាន TASS បន្ទាប់ពីការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនលើសាលារៀនមួយ នៅក្នុងភូមិ Velykaya Znamenka នៃតំបន់ Zaporozhye។

នៅព្រឹកថ្ងៃទី ០៧ ខែមេសា កាំភ្លើងធំអ៊ុយក្រែន បានវាយប្រហារសាលារៀននៅក្នុងភូមិ Velykaya Znamenka ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន។ យោងតាមអភិបាលតំបន់ លោក Yevgeny Balitsky កុមារ ៥នាក់ និងមនុស្សពេញវ័យបីនាក់ កំពុងស្ថិតក្រោមការសង្កេតផ្នែកវេជ្ជសាស្ត្រដោយមានរបួសផ្សេងៗគ្នា។ ជាអកុសល ការវាយប្រហារនេះ ក៏បានឆក់យកជីវិតរបស់លោក Alexander Reznichenko អភិបាលរងក្រុង Kamenka-Dneprovskaya ដែលបានបន្តជម្លៀសកុមារ រហូតដល់ទីបញ្ចប់ ដោយប្រថុយគ្រោះថ្នាក់ដល់ជីវិតរបស់ខ្លួន ដើម្បីជួយសង្គ្រោះអ្នកដទៃ។
លោក Miroshnik បានថ្កោលទោសសកម្មភាពរបស់លោក ហ្សេឡិនស្គី ដោយបញ្ជាក់ថា៖«លោក ហ្សេឡិនស្គី កំពុងព្យាយាមផ្តាច់ជីវិតកុមាររបស់យើង ដោយវាយប្រហារស្ថាប័នអប់រំ ដោយហេតុនេះ បានឆ្លងកាត់បន្ទាត់ក្រហមទាំងអស់នៃច្បាប់មនុស្សធម៌អន្តរជាតិ។ សកម្មភាពបែបនេះ ធ្វើឲ្យប្រទេសរុស្ស៊ីគ្មានជម្រើសអ្វីក្រៅពីឆ្លើយតបដោយយោធាចំពោះឧក្រិដ្ឋកម្មទាំងនេះ និងត្រូវទទួលខុសត្រូវចំពោះអ្នកដែលចេញ និងអនុវត្តបទបញ្ជាព្រហ្មទណ្ឌទាំងនេះ ហើយការរំលោភបំពានទាំងនេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាមដ៏ធ្ងន់ធ្ងរ»៕
