មេដឹកនាំប្រឆាំងតៃវ៉ាន់ លោកស្រី Cheng Li-wun នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ បានសន្យាថា នឹងបញ្ជូនស្មារតីរបស់ស្ថាបនិកគណបក្សរបស់លោកស្រី គឺលោក ស៊ុន យ៉ាតសេន (Sun Yat-sen) និងស្វែងរកការផ្សះផ្សាជាមួយប្រទេសចិន ដោយផ្តល់ការសរសើរ នៅឯផ្នូររបស់លោក ចំពោះសមិទ្ធផលរបស់ប្រទេស បន្ទាប់ពីមានបដិវត្តន៍កុម្មុយនីស្ត។

លោកស្រី Cheng ប្រធានគណបក្ស Kuomintang (KMT) ដែលជាគណបក្សប្រឆាំងធំបំផុតរបស់កោះតៃវ៉ាន់ កំពុងស្ថិតនៅក្នុងប្រទេសចិន ស្របពេលដែលមានសម្ពាធយោធាចិនកើនឡើងលើតៃវ៉ាន់ ជាដែនដីដែលទីក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីរបស់ខ្លួន ហើយខណៈដែលសភាគ្របដណ្ដប់ដោយគណបក្សប្រឆាំង បានពន្យារផែនការរបស់រដ្ឋាភិបាល សម្រាប់ការចំណាយបន្ថែមលើវិស័យការពារដែនកោះចំនួន ៤០ពាន់លានដុល្លារអាមេរិក។
នៅពេញមួយថ្ងៃដំបូងរបស់លោកស្រី នៅក្នុងប្រទេសនេះ លោកស្រី Cheng បានដាក់កម្រងផ្កានៅផ្នូររបស់លោក ស៊ុន ក្នុងទីក្រុងណានជីងភាគខាងកើត ដែលក៏ជារដ្ឋធានីនៃរដ្ឋាភិបាលសាធារណរដ្ឋចិនដឹកនាំដោយគណបក្ស KMT មុនពេលដែលគណបក្សនេះបានភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ក្នុងឆ្នាំ១៩៤៩ ដោយបានចាញ់សង្គ្រាមស៊ីវិល ក្រោមដៃក្រុមកុម្មុយនីស្តរបស់លោក ម៉ៅ សេទុង។
នៅក្នុងវីដេអូផ្សាយផ្ទាល់លើប៉ុស្តិ៍ទូរទស្សន៍តៃវ៉ាន់ លោកស្រី Cheng បាននិយាយថា៖ «តម្លៃស្នូលនៃឧត្តមគតិរបស់លោក ស៊ុន យ៉ាតសេន ដែលថា មនុស្សទាំងអស់នៅក្រោមមេឃ គឺស្មើភាពគ្នា តែងតែជាសមភាព បរិយាបន្ន និងឯកភាព» ។
លោកស្រីបានសង្កត់ធ្ងន់ថា យើងគួរតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការផ្សះផ្សា និងឯកភាព នៅទូទាំងច្រកសមុទ្រ (តៃវ៉ាន់) និងបង្កើតវិបុលភាព និងសន្តិភាពក្នុងតំបន់»៕
