ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី បាននិយាយកាលពីថ្ងៃសុក្រថា មន្ត្រីអ៊ុយក្រែនកំពុងជួយប្រទេសចំនួន ៥ នៅមជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រ ក្នុងការទប់ទល់នឹងការវាយប្រហារលើទឹកដីរបស់ពួកគេដោយយានដ្រូនរបស់អ៊ីរ៉ង់ ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុប ស្ថិតក្នុងចំណោមប្រទេសដទៃទៀត ដែលបានស្នើសុំការគាំទ្រនេះ។

លោកបាននិយាយថា អ៊ុយក្រែនក៏កំពុងពិនិត្យមើលថាតើខ្លួនអាចមានតួនាទីក្នុងការស្តារសន្តិសុខ នៅក្នុងច្រកសមុទ្រហ័រមូស អំឡុងពេលសង្គ្រាមអ៊ីរ៉ង់បានដែរឬទេ។
អ៊ុយក្រែនបានក្លាយជាប្រទេសផលិតយានដ្រូនឈានមុខគេមួយរបស់ពិភពលោក ដែលមានសមត្ថភាពខ្ពស់ ប្រតិបត្តិការក្នុងសមរភូមិ តម្លៃថោក និងមានប្រសិទ្ធភាព។ ពួកវាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារខ្លួនប្រឆាំងនឹងការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី អស់រយៈពេលជាង ៤ឆ្នាំហើយនោះ។
លោក ហ្សេឡិនស្គី បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ក្រុមការងាររបស់យើង កំពុងធ្វើការជាមួយប្រទេសចំនួន ៥រួចហើយ ក្នុងការប្រឆាំងនឹងដ្រូន Shahed របស់អ៊ីរ៉ង់ យើងបានផ្តល់ការវាយតម្លៃពីអ្នកជំនាញ និងកំពុងជួយកសាងប្រព័ន្ធការពារមួយ»។
អ៊ីរ៉ង់គឺជាសម្ព័ន្ធមិត្តក្នុងការឈ្លានពានរបស់រុស្ស៊ី។ ទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយទីក្រុងមូស្គូ កាលពីឆ្នាំមុន៕
