លោក Kirill Dmitriev បេសកជនប្រធានាធិបតីរបស់រុស្ស៊ីទទួលបន្ទុកការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបរទេស និងជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បាននិយាយថា ជម្លោះនៅមជ្ឈិមបូព៌ាបានបង្ហាញពីភាពទន់ខ្សោយ និងភាពងាយរងគ្រោះរបស់អង្គការណាតូ សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។

លោកបានសរសេរនៅលើបណ្តាញសង្គម X ថា៖ វិបត្តិអ៊ីរ៉ង់បង្ហាញពីភាពទន់ខ្សោយយ៉ាងខ្លាំង និងភាពងាយរងគ្រោះជាយុទ្ធសាស្ត្ររបស់អង្គការណាតូ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប និងការបែកបាក់យ៉ាងធ្ងន់ធ្ងររបស់ពួកគេ ជាមួយសហរដ្ឋអាមេរិក»។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា បទឈប់បាញ់ទ្វេភាគីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងចូលជាធរមានរយៈពេលពីរសប្តាហ៍។ លោក ត្រាំ បានបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺ«អាស្រ័យលើសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់យល់ព្រមចំពោះការបើកច្រកសមុទ្រហ័រមូសទាំងស្រុង ភ្លាមៗ និងមានសុវត្ថិភាព»។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានអញ្ជើញគណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់ ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃទី ១០ ខែមេសា សម្រាប់ការចរចាបន្ថែម។ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បេសកជនពិសេស លោក Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គឺអ្នកជំនួញ លោក Jared Kushner ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងកិច្ចចរចាសន្តិភាព ដែលបានគ្រោងទុកជាមួយអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN៕
