ក្រុមហ៊ុនជប៉ុនមួយដែលធ្វើទីផ្សារបច្ចេកវិទ្យានៅក្រៅប្រទេសបានប្រាប់សារព័ត៌មានរ៉យទ័រថា បណ្ដារដ្ឋឈូងសមុទ្ររួមទាំងអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម កំពុងសម្លឹងរកយានដ្រូនស្ទាក់ចាប់អាវុធដែលផលិតឡើងដោយអ៊ុយក្រែនក្នុងតម្លៃ២.៥០០ដុល្លារ ជាតម្លៃទាប ដើម្បីទប់ទល់នឹងការវាយប្រហាររបស់អ៊ីរ៉ង់ ដែលកំពុងធ្វើឱ្យស្តុកមីស៊ីលផលិតដោយសហរដ្ឋអាមេរិកថយចុះ។
ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់បានបាញ់រលកយានដ្រូនដែលផលិតយ៉ាងច្រើនក្នុងតម្លៃទាប រួមទាំងដ្រូន Shaheds ស្រដៀងគ្នាទៅនឹងយានដ្រូន ដែលរុស្ស៊ីប្រើនៅអ៊ុយក្រែន។

រដ្ឋឈូងសមុទ្រ និងកងកម្លាំងសហរដ្ឋអាមេរិកភាគច្រើនពឹងផ្អែកទៅលើប្រព័ន្ធស្ទាក់ចាប់មីស៊ីលដែលមានតម្លៃថ្លៃដើម្បីបាញ់ទម្លាក់មីស៊ីលឬអាវុធ ដោយបង្ហាញពីការផ្លាស់ប្តូរកាន់តែទូលំទូលាយនៅក្នុងការប្រយុទ្ធតាមអាកាស ។
លោក Toru Tokushige នាយកប្រតិបត្តិក្រុមហ៊ុនក្រមហ៊ុន Terra Drone បាននិយាយថា មនុស្សគ្រប់គ្នាបានចាប់ផ្តើមធ្វើការគណនា។ វាមិនសមហេតុផលខាងសេដ្ឋកិច្ចទេ។ លោកបានបន្ថែមថា មានការកើនឡើងនៃការស៊ើបអង្កេតពីមជ្ឈិមបូព៌ាចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។
តម្លៃយានដ្រូនស្ទាក់ចាប់មីស៊ីលនីមួយៗពីក្រុមហ៊ុន Terra Drone គឺ ៤០០.០០០ យ៉េន ស្មើ ២.៥២៦ ដុល្លារក្នុងមួយគ្រឿង។ បើធៀបគ្នាវិញ មីស៊ីលស្ទាក់ចាប់មីស៊ីល Patriot ដែលបាញ់ចេញពីដីអាចមានតម្លៃប្រហែល ៤ លានដុល្លារក្នុងមួយគ្រឿង ខណៈយានដ្រូន Shahed ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃត្រឹមតែ ២០.០០០ ដុល្លារប៉ុណ្ណោះ ក្នុងមួយគ្រឿង៕

