រដ្ឋាភិបាលទាំងពីរបាននិយាយថា អូស្ត្រាលី និងចិន កាលពីថ្ងៃអង្គារ បានព្រមព្រៀងគ្នា ដើម្បីគាំទ្រសន្តិសុខថាមពលក្នុងតំបន់ ខណៈដែលពិភពលោកកំពុងប្រឈមនឹងការកើនឡើងនៃតម្លៃប្រេង ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang ដើម្បីពិភាក្សាអំពីសារៈសំខាន់នៃសន្តិសុខថាមពល «ដោយសារតែបញ្ហាប្រឈមសកលបច្ចុប្បន្ន»។ នេះបើយោងតាមសេចក្តីសង្ខេបនៃការសន្ទនារបស់ពួកគេនៅទីក្រុងកង់បេរ៉ា ( Canberra)។

សេចក្តីសង្ខេបនោះ បានឲ្យដឹងថា៖«លោកនាយករដ្ឋមន្ត្រី Anthony Albanese និងលោកនាយករដ្ឋមន្ត្រី Li Qiang បានយល់ព្រមបង្កើនការទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដើម្បីឲ្យអូស្ត្រាលី និងចិន ធ្វើការគាំទ្រសន្តិសុខថាមពលក្នុងតំបន់»។
ភាគីទាំងពីរ បានឯកភាពគ្នាថា ការចូលរួមកម្រិតខ្ពស់ គឺជាពិតជាសំខាន់ណាស់ចំពោះ «ទំនាក់ទំនងចាស់ទុំ ប្រកបដោយស្ថិរភាព និងមានលក្ខណៈស្ថាបនា»៕
