អ៊ីស្រាអែលបានបន្តវាយប្រហាររបស់ខ្លួនលើភាគខាងត្បូងប្រទេសលីបង់នៅថ្ងៃពុធនេះ ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានទទូចថាបទឈប់បាញ់សង្គ្រាមអ៊ីរ៉ង់ មិនរាប់បញ្ចូលប្រទេសលីបង់ទេ។

កងទ័ពអ៊ីស្រាអែលក៏បានចេញការព្រមានជម្លៀសសម្រាប់អគារមួយ នៅជិតទីក្រុង Tyre ភាគខាងត្បូងផងដែរ។
ក្រុមប្រដាប់អាវុធហេសបូឡានៅលីបង់ ដែលបានទាញប្រទេសនេះ ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាដោយវាយប្រហារអ៊ីស្រាអែល នៅថ្ងៃទី ០២ ខែមីនា មិនបានអះអាងពីប្រតិបត្តិការណាមួយ ចាប់តាំងពីម៉ោង ១ ព្រឹកមក។
ប្រភពលីបង់ចំនួនបី ដែលជិតស្និទ្ធនឹងក្រុមនេះ បានប្រាប់សារព័ត៌មា នរ៉យទ័រថា ក្រុមហេសបូឡាបានបញ្ឈប់ការបាញ់ប្រហារលើភាគខាងជើងប្រទេសអ៊ីស្រាអែល និងលើកងទ័ពអ៊ីស្រា អែលនៅលីបង់នៅព្រឹកព្រលឹមថ្ងៃពុធ ដែលជាផ្នែកមួយនៃបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលបានប្រកាសនាពេលមុននេះ។
ប្រភពលីបង់ទាំងបី បាននិយាយថា ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ត្រូវបានគេរំពឹងថា នឹងចេញសេចក្តីថ្លែងការណ៍មួយដែលគូសបញ្ជាក់ពីជំហរផ្លូវការរបស់ខ្លួនលើបទឈប់បាញ់ និងលើការអះអាងរបស់លោក ណេតាន់យ៉ាហ៊ូ ថាប្រទេសលីបង់មិនត្រូវបានរាប់បញ្ចូលទេ៕
