ប្រទេសអាល្លឺម៉ង់ នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ បានអំពាវនាវឲ្យអ៊ីស្រាអែលកំណត់យុទ្ធនាការរបស់ខ្លួន នៅក្នុងប្រទេសលីបង់ឲ្យត្រឹមតែ «ការពារខ្លួន» ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែល បានទទូចថា បទឈប់បាញ់សង្គ្រាមអ៊ីរ៉ង់មិនរាប់បញ្ចូលលីបង់នោះទេ។
អ៊ីស្រាអែលបានបន្តការវាយប្រហាររបស់ខ្លួន នៅភាគខាងត្បូងនៃប្រទេសលីបង់ នាថ្ងៃពុធនេះ។ ការវាយប្រហារទាំងនេះបានកើតឡើងទោះបីជាក្រុមប្រដាប់អាវុធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ មិនបានប្រកាសពីការមានប្រតិបត្តិការណាមួយ ចាប់តាំងពីម៉ោង ១ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២២:០០ ម៉ោងកសល នាថ្ងៃអង្គារ) ក៏ដោយ។ ក្រុមនេះបានទាញលីបង់ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដោយការវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី២ ខែមីនា។
ជាមួយគ្នានេះ អ៊ីស្រាអែលបានបន្តបញ្ជាជម្លៀសចេញ សម្រាប់តំបន់មួយដែលមានចម្ងាយជាង ៤០គីឡូម៉ែត្រ នៅខាងក្នុងប្រទេសលីបង់ ដោយប្រាប់ថា «ការប្រយុទ្ធ នៅលីបង់ កំពុងបន្តមាន»។ បើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ NNA គ្រប់គ្រងដោយរដ្ឋរបស់លីបង់ បានឲ្យដឹងថា បញ្ជានេះបានធ្វើឡើងបន្ទាប់ពីមានការព្រមានមួយផ្សេងទៀតឲ្យជម្លៀស នៅក្នុងតំបន់ Tyre ភាគខាងត្បូង ដែលអ៊ីស្រាអែល បានវាយប្រហារនៅពេលបន្ទាប់មក។ NNA បានរាយការណ៍ពីការវាយប្រហារជាច្រើននៅទូទាំងភាគខាងត្បូង។
អ្នកនាំពាក្យក្រសួង បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានទាក់ទងជាមួយសមភាគីអ៊ីស្រាអែលរបស់លោក ហើយបាន «លើកឡើងថា អ៊ីស្រាអែលគួរតែធ្វើប្រតិបត្តិការស្របតាមសិទ្ធិការពារខ្លួនរបស់ខ្លួន» នៅក្នុងប្រទេសលីបង់។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដែលបានដើរតួជាអ្នកសម្របសម្រួល ក្នុងជម្លោះនេះ បាននិយាយថា បទឈប់បាញ់រយៈពេល ២សប្តាហ៍ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានអនុវត្តនៅ «គ្រប់ទីកន្លែង រួមទាំងប្រទេសលីបង់ផងដែរ»៕

